(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីវាយតម្លៃលើផលប៉ះពាល់ និងពិភាក្សាលើគោលការណ៍ និងនីតិវិធីសម្រាប់ អនុវត្តគម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។

លោករដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត បានលើកឡើងថា ដោយផ្អែកលើស្ថានភាព នៃការរងខូចខាតដោយទឹកជំនន់ទឹកភ្លៀង ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានផ្តល់នូវអាទិភាពខ្ពស់បំផុតលើ៖

*ទី១៖ ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីគ្រោះពីទឹកជំនន់
*ទី២៖ ការជួសជុលឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតខ្លាំង ដើម្បីធ្វើប្រក្រតីកម្មនូវជីវភាព រស់នៅរបស់ប្រជាជន មិនឱ្យមានការប៉ះពាល់
*ទី៣៖ ការរៀបចំគម្រោងស្តារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធស្រោចស្រព ដោយគិតគូរការបញ្ចូលជាបណ្តើរៗ នូវសមាសភាពការប្រែប្រួលអាកាសធាតុ (Climate Change) ឬទស្សនាទានហេដ្ឋារចនាសម្ព័ន្ធបៃតង (Green Infrastructure) ដែលបានអនុវត្តកន្លងមកជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Resiliency) និងបញ្ចៀសផលប៉ះពាល់ផ្សេងៗនាពេលអនាគត។

លោក វង្សី វិស្សុត បានបន្តទៀតថា រាជរដ្ឋាភិបាលបានគិតគូរ និងត្រៀមថវិកាបម្រុងជារៀងរាល់ឆ្នាំ សម្រាប់ប្រើប្រាស់ក្នុងការអន្តរាគមន៍ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ ហើយអាចប្រើប្រាស់ថវិកា ពីប្រភពផ្សេងៗទៀត ដូចជា៖

*ទី១៖ ឥណទានថវិកាដែលមានស្រាប់ ដែលបានបែងចែកជូនក្រសួងទាំងបីប្រចាំឆ្នាំ ដោយត្រូវតម្រង់ទិសសម្រាប់ការងារ សាងសង់ និងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នេះ
*ទី២៖ គម្រោងសាច់ប្រាក់ពលកម្ម (Cash for Work) ដែលនឹងអាចជួយលើការងារស្តារឡើងវិញកម្រិតតូច ក៏ដូចជាសម្រាប់ការស្តារបឹងបួរ និងប្រឡាយ
*ទី៣៖ ការប្រមូលធនធានពីក្រៅប្រទេស ជាពិសេសពីដៃគូអភិវឌ្ឍន៍ ដូចជាធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាដើម។

ដើម្បីជំរុញការអនុវត្តគម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ឱ្យបានឆាប់ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់, លោក វង្សី វិស្សុត បានស្នើដាក់ចេញនូវក្របខ័ណ្ឌរួម សម្រាប់ការស្តារឡើងវិញនេះ ដើម្បីគោរពរាយការណ៍ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច ដោយផ្អែកលើគោលការណ៍ ជាមូលដ្ឋានសំខាន់ៗចំនួន៤រួមមាន៖

*ទី១៖ ការធ្វើអាទិភាពភាវូបនីយកម្មគម្រោង ដោយផ្អែកលើភាពបន្ទាន់ នៃគម្រោង
*ទី២៖ ទីតាំងភូមិសាស្រ្ត ដែលទទួលរងផល ប៉ះពាល់តាមកម្រិតពីខ្លាំងទៅទាប
*ទី៣៖ ការតម្រង់ទិស និងជំរុញប្រើប្រាស់ថវិកា ដែលមានស្រាប់ឱ្យអស់លទ្ធភាព និងចំអាទិភាព
*ទី៤៖ ចំពោះគម្រោងស្តារឡើងវិញ ដែលមានទំហំថវិកាធំ នឹងពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ស្នើសុំហិរញ្ញប្បទាន តែបើក្នុងករណីបន្ទាន់ និងចាំបាច់ខ្លាំង អាចពិនិត្យស្នើសុំប្រើប្រាស់ថវិកាជាតិតែម្តង។

បន្ថែមពីនេះទៅទៀត លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា បន្ទាប់ពីទទួលការឯកភាពលើក្របខ័ណ្ឌនេះហើយ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃជាបន្ទាន់ ដើម្បីធ្វើអាទិភាពវូបនីយកម្ម គម្រោងផ្ទៃក្នុងក្រសួងសិន មុននឹងស្នើសុំពិនិត្យ និងសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាទីបញ្ចប់ លោក វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លឹម គានហោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការ អន្តរក្រសួងថ្ងៃនេះ ដោយផ្ទាល់ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ក្រសួងក្នុងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងខូចខាត ដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ និងតំណាងជាន់ខ្ពស់របស់ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ដែលបានចូលរួមកិច្ចប្រជុំថ្ងៃនេះ៕