(ភ្នំពេញ)៖ ស្រ្តីម្នាក់រងរបួសធ្ងន់ក្រោយត្រូវបានជនសង្ស័យម្នាក់កាប់ប្លន់យកគ្រឿងអលង្ការមួយចំនួនបានសម្រេចដោយប្រើពូថៅ ខណៈដែលស្ត្រីរងគ្រោះរូបនោះទៅមើលស្រែ។ បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែជនសង្ស័យត្រូវបានប្រពលរដ្ឋជាច្រើនគ្នាឃាត់ខ្លួនបាន ហើយវាយបណ្ដាលឲ្យមានរបួសក្បាលដេរចំនួន១៨ថ្នេរ និងរលាត់ស្បែកត្រង់កខាងស្ដាំ និងហើមថ្ពល់ខាងស្ដាំ។

ហេតុការណ៍កាប់ប្លន់ខាងលើនេះបានកើតឡើងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន ស្រីនាង ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯជនសង្ស័យឈ្មោះ រិត រ៉ា ហៅអុល ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅបន្ទប់ជួលភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងករណីខាងលើនេះ ជនសង្ស័យប្លន់បានខ្សែកផ្លាកទីនទម្ងន់៣ជីមួយខ្សែ ខ្សែដៃមាសទម្ងន់៥ជីមួយខ្សែ និងក្រវិលមាសមួយគូទម្ងន់១ជី។

ក្រោយចាប់ខ្លួនជនសង្ស័យត្រូវបានដកហូតវត្ថុតាងរួម៖ ពូថៅដងឈើចំនួនមួយ ខ្សែគោចំនួនមួយខ្សែប្រវែង ២,៥០ម៉ែត្រ កាបូបស្ពាយពណ៌ប្រផេះចំនួនមួយ ដែកឆាបមុខស្រួចដងជ័រចំនួនពីរ កូនសោរទ្វារចំនួនពីរចងខ្សែពណ៌ក្រហម អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ឡេង ចន្ថា ចំនួនមួយសន្លឹក ដែកកេះចំនួនពីរ និង ក្រដាសយ័ន្តចំនួនមួយ ខ្សែកផ្លាកទីនចំនួនមួយខ្សែ (ជារបស់ជនរងគ្រោះ)។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅមើលស្រែនៅចំណុចកើតហេតុ។ ពេលទៅដល់ស្រែជនរងគ្រោះបានទុកម៉ូតូនៅលើផ្លូវ ហើយដើរតាមភ្លឺស្រែដោយបញ្ច្រាស់ទិសជាមួយជនសង្ស័យ ពេលដើរផុតជនសង្ស័យបានប្រហែលដប់ម៉ែត្រ ស្រាប់តែជនសង្ស័យរត់មកពីក្រោយហើយកាប់ជនរងគ្រោះចំនួនប្រាំពូថៅ និងបានយកខ្សែគោរិតក ហើយចាប់ក្បាលច្រមុចទឹក រួចបានដោះយកខ្សែក ខ្សែដៃ និងក្រវិល ពីជនរងគ្រោះ ហើយរត់គេចខ្លួនទៅទិសខាងកើតបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយនៅរាជធានីភ្នំពេញ។

លុះដល់ម៉ោង០៨៖២០នាទី ជនសង្ស័យត្រូវក្រុមមហាជនរកឃើញជនសង្ស័យ ក៏ព្រួតគ្នាវាយតប់បណ្តាលឲ្យមានរបួស ទើបសមត្ថកិច្ចខណ្ឌកំបូលរាជធានីភ្នំពេញទៅដល់ និងធ្វើការឃាត់ខ្លួន និងប្រគល់បន្តឲ្យសមត្ថកិច្ចស្រុកអង្គស្នួល។ ជនសង្ស័យបានយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអង្គស្នួល។

បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកអង្គស្នួលបានកំពុងកសាងសុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕