(ប៉េកាំង,ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងថា កម្ពុជា និងចិន ត្រូវតែបន្តការខិតខំជំរុញភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយឱ្យឈានដល់​កម្រិតថ្មីមួយ។

លោក ស៊ី ជីនពីង បានលើកឡើងបែបនេះក្នុងឱកាសជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជំនួបសវនាការនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Peng Liyuan ភរិយាលោកប្រធានាធិបតីចិន, មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន និងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស និងមន្ត្រីជាថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំងជាច្រើនរូបផងដែរ។

ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាកម្រិតទំនាក់ទំនងដ៏ស៊ីជម្រៅមួយទៀតរវាងកម្ពុជា និងចិន បានឯកភាពគ្នាដាក់ចេញកាលពីឆ្នាំ២០១០កន្លងទៅ។ ក្នុងជំនួបសវនាការនេះ លោកប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំផុតជាមួយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ និងបានថ្លែងអំណរព្រះគុណចំពោះការផ្ញើសារចូលរួមរំលែកទុក្ខ និងការបរិច្ចាគដ៏សប្បុរសបន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 ក្នុងប្រទេសចិន ពីសំណាក់ព្រះអង្គទាំងទ្វេ។

ក្នុងឱកាសជំនួបសវនាការប្រកបដោយភាពស្និទ្ធស្នាល និងពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចូលរួមចំណែកយ៉ាងពិសេស និងដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់មិត្តភាពចិន-កម្ពុជា និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លោកប្រធានាធិបតីចិន បានថ្វាយ «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដើម្បីជាការថ្លែងនូវអំណរព្រះគុណព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះការប្រឹងប្រែងរបស់ព្រះអង្គក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា និងចិន។

លោក ស៊ី ជិនពីង បានថ្លែងថា ការថ្វាយនូវគ្រឿងឥស្សរិយយសនេះ មិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួមចំណែកយ៉ាងពិសេស និងមានសារៈសំខាន់បំផុត ដែលសម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមានទំនាក់ទំនងល្អរវាងចិន និងកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងប្រជាជនចិន និងកម្ពុជាផងដែរ។

នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងព្រះមហាក្សត្រី, លោកប្រធានាធិបតីចិន បានថ្លែងសង្កត់ធ្ងន់ថា «យើងត្រូវតែបន្តការខិតខំដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយ»។

ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលបង្ហាញពីទឹកព្រះទ័យ ក្នុងការធ្វើឱ្យចំណងមិត្តភាពកម្ពុជា និងចិន កាន់តែស៊ីជម្រៅផងដែរ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា «ខ្ញុំ នឹងបន្តការសហការជាមួយឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាល និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ និងសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន»

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសវនីយ៍ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះថា សម្តេចព្រះនរោត្តម សីហនុ និងព្រះអង្គ គឺជាមិត្តចាស់ និងជាមិត្តល្អរបស់ប្រជាជនចិន។ ក្នុងរយៈពេល ៦០ឆ្នាំកន្លងមកនេះ ព្រះអង្គ បានធ្វើទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយរាល់ពេលទស្សនកិច្ចនៅចិន ព្រះអង្គតែងតែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។

ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងនូវទឹកព្រះទ័យរំភើបក្រៃលែង ដែលរដ្ឋាភិបាលចិន ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង ថ្វាយនូវ «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»។

ព្រះវររាជមាតាជាតិខ្មែរ ក៏បានបង្ហាញនូវទឹកព្រះទ័យក្នុងប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងចិនកាន់តែល្អប្រសើរ។ ព្រះមហាក្សត្រី ទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា «ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ»