(ប៉េកាំង,ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្វាយនូវគ្រឿងឥស្សរិយយស «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ តបនឹងព្រះរាជសកម្មភាពរបស់ព្រះអង្គក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងចិន។

ជាមួយនឹងការថ្វាយនូវគ្រឿងឥស្សរិយយសនេះ លោកប្រធានាធិបតីចិន ក៏បានថ្លែងបង្ហាញនូវការប្រឹងប្រែងជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរ។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា កម្ពុជា និងចិន ត្រូវតែបន្តការខិតខំជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យឈានដល់កម្រិតថ្មីមួយ។

ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសត្រូវបានរៀបចំធ្វើឡើងនៅវិមានមហាប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន។ មុនឈានដល់ការប្រារព្ធព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស លោក ស៊ី ជីនពីង បានជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត ផងដែរ។ ក្នុងជំនួបសវនាការនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី Peng Liyuan ភរិយាលោកប្រធានាធិបតីចិន, មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន និងមានការយាង និងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស និងមន្ត្រីជាថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំងជាច្រើនរូបផងដែរ។

ក្នុងជំនួបសវនាការនេះ លោកប្រធានាធិបតីចិន បានវាយតម្លៃខ្ពស់ ចំពោះមិត្តភាពដ៏ជ្រាលជ្រៅបំផុតជាមួយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ និងបានថ្លែងអំណរព្រះគុណចំពោះការផ្ញើសារចូលរួមរំលែកទុក្ខ និងការបរិច្ចាគដ៏សប្បុរសបន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19 ក្នុងប្រទេសចិន ពីសំណាក់ព្រះអង្គទាំងទ្វេ។

ក្នុងឱកាសជំនួបសវនាការប្រកបដោយភាពស្និទ្ធស្នាល និងពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ លោកប្រធានាធិបតី ស៊ី ជីនពីង បានគូសបញ្ជាក់ថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចូលរួមចំណែកយ៉ាងពិសេស និងដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់មិត្តភាពចិន-កម្ពុជា និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លោក ស៊ី ជិនពីង បានថ្លែងថា ការថ្វាយនូវគ្រឿងឥស្សរិយយស «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់ព្រះមហាក្សត្រី មិនមែនត្រឹមតែជាការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះការរួមចំណែកយ៉ាងពិសេស និងមានសារៈសំខាន់បំផុត ដែលសម្តេចព្រះមហាក្សត្រី បានធ្វើឱ្យមានទំនាក់ទំនងល្អរវាងចិន និងកម្ពុជាប៉ុណ្ណោះទេ។ ប៉ុន្តែក៏ដើម្បីលើកកម្ពស់មិត្តភាពដ៏ជ្រាលជ្រៅបំផុតរវាងប្រជាជនចិន និងកម្ពុជាផងដែរ។

នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងព្រះមហាក្សត្រី, លោកប្រធានាធិបតីចិន បានថ្លែងសង្កត់ធ្ងន់ថា «យើងត្រូវតែបន្តការខិតខំដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាឱ្យឈានដល់កម្រិតថ្មីមួយ»។

ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលបង្ហាញពីទឹកព្រះទ័យ ក្នុងការធ្វើឱ្យចំណងមិត្តភាពកម្ពុជា និងចិន កាន់តែស៊ីជម្រៅផងដែរ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា «ខ្ញុំ នឹងបន្តការសហការជាមួយឯកឧត្តមប្រធានាធិបតី Xi JinPing ដើម្បីទទួលមរតកដ៏វិសេសវិសាល និងបន្តនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ និងសរសេរជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-ចិន»។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសវនីយ៍ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះថា សម្តេចព្រះនរោត្តម សីហនុ និងព្រះអង្គ គឺជាមិត្តចាស់ និងជាមិត្តល្អរបស់ប្រជាជនចិន។ ក្នុងរយៈពេល ៦០ឆ្នាំកន្លងមកនេះ ព្រះអង្គ បានធ្វើទស្សនកិច្ចនៅប្រទេសចិនជាច្រើនដង ហើយរាល់ពេលទស្សនកិច្ចនៅចិន ព្រះអង្គតែងតែទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការអភិវឌ្ឍ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងប្រទេសចិន។

ព្រះវររាជមាតាជាតិខ្មែរ បានសម្តែងនូវទឹកព្រះទ័យរំភើបក្រៃលែង ដែលរដ្ឋាភិបាលចិន ជាពិសេសលោកប្រធានាធិបតី ស៊ី ជិនពីង ថ្វាយនូវ «មេដាយមិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»។

ព្រះវររាជមាតាជាតិខ្មែរ ក៏បានបង្ហាញនូវទឹកព្រះទ័យក្នុងប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងកម្ពុជា និងចិនកាន់តែល្អប្រសើរ។ ព្រះមហាក្សត្រី ទ្រង់មានព្រះរាជបន្ទូលបញ្ជាក់ថា «ខ្ញុំនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ»។

សូមបញ្ជាក់ថា គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដែលរដ្ឋាភិបាលចិន បានថ្វាយដល់ព្រះវររាជមាតាជាតិខ្មែរ ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក។

រដ្ឋាភិបាលចិនថ្វាយគ្រឿងឥស្សរិយយសនេះ ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាពកម្ពុជា-ចិន។ ព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយសជាផ្លូវការ បានប្រព្រឹត្តឡើងយ៉ាងមហោឡារឹកអធិកអធមនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាវិមានមហាប្រជាជនចិន នាទីក្រុងប៉េកាំង ប្រទេសចិន។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតចំណងមិត្តភាពការទូតជាផ្លូវការនៅក្នុងឆ្នាំ១៩៥៨។ ការបង្កើតចំណងការទូតនេះ បានធ្វើឡើងក្រោយពីមានជំនួប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈក៏ខ្ពង់ខ្ពស់បំផុត ជាមួយលោក ជូ អេនឡាយ នាយករដ្ឋមន្រ្តីចិន ក្នុងសន្និសីទីក្រុងបានឌុង ស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ និងក្រោយពីមានដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ១៩៥៦។

ចំណងមិត្តភាពនេះ បានបន្សល់ទុកនូវព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងចំណងមិត្តភាពដ៏មានតម្លៃពុំអាចកាត់ថ្លៃបានចំពោះប្រជាជននៃប្រជាជាតិទាំងពីរ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមជំនួយដ៏សប្បុរស នៃមហាប្រជាជនចិន ដូចទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី Xi JinPing ដែលបានថ្លែងក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាថា « ផឹកទឹក មិនភ្លេចដល់អ្នកជីកអណ្តូង... ហើយសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ... ព្រះអង្គជាអ្នកជីកអណ្តូង»។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គបានរួមចំណែកដ៏សំខាន់បំផុតជាមួយសម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលោក ជូ អេនឡាយ ក្នុងនាម លោកប្រធាន ម៉ៅ សេទុង និងមហាប្រជាជនចិន ក្នុងការកសាងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបានចូលរួមបន្តថែរក្សា ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិន រហូតមកដល់ពេលបច្ចប្បន្ន ហើយព្រះអង្គនៅតែគង់ជាសាក្សីដ៏សំខាន់ក្នុងដំណើរប្រវត្តិសាស្រ្តជាង៧០ឆ្នាំកន្លងមកនេះ។

ក្នុងព្រះបរមនាមជាព្រះមហេសី នៃព្រះប្រមុខរដ្ឋ នៃប្រទេសមួយ ព្រះអង្គ បានគាល់បម្រើ និងរួមចំណែកយ៉ាងក្លៀវក្លា ជាមួយសម្តេចឪ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសចិន មកកាន់កម្ពុជា។ ជាពិសេសក្រោយពេលដែលស្ថានការណ៍នយោបាយកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង ចំពោះការប្រឈមក្រោយរដ្ឋប្រហារ ថ្ងៃទី ៨ មីនា ធ្វើឲ្យព្រះអង្គទាំងទ្វេ ត្រូវភៀសព្រះកាយទៅគង់នៅទីក្រុងប៉េកាំង។

នៅក្នុងជីវិតនិរទេសនាទីក្រុងប៉េកាំង ព្រះអង្គ បានបំពេញព្រះរាជតួនាទីជាព្រះរាជលេខាធិការផ្ទាល់ របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គ បានជួយរៀបចំលិខិតឆ្លងឆ្លើយ លិខិតឯកសារផ្សេងៗ ការស្រង់ពត៌មាន និងការកត់ត្រាទុកនូវពត៌មានលើទំព័រការសែតដែលទាក់ទងនិងសភាពការណ៍នៃប្រទេសកម្ពុជា និងបំពេញព្រះរាជតួនាទីជាព្រះប្រធានកាកបាទក្រហមកម្ពុជា នៅក្រោមក្របខណ្ឌនៃរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា។

ព្រះអង្គ បានផ្អាកព្រះរាជកិច្ច នៅពេលសោយក្រយាថ្ងៃត្រង់តែប៉ុណ្ណោះបន្ទាប់ពីគង់សម្រាកសោយក្រយាថ្ងៃត្រង់រួច ព្រះអង្គ បានបន្តព្រះរាជកិច្ចរបស់ទ្រង់បន្តទៀត។ នៅក្នុងកិច្ចសម្ភាស៍ដ៏កម្របំផុតរបស់ព្រះអង្គ នៅខែកក្កដា ឆ្នាំ១៩៧២ ព្រះអង្គមានព្រះរាជសវនីយ៍ថា «កាលពីមុន យើងមិនដែលស្គាល់នយោបាយទេ។ យើងមិនដែលចូលប្រឡូកក្នុងនយោបាយទេ។ ព្រះរាជហឫទ័យខ្វល់ខ្វាយរបស់យើងតែមួយគត់គឺ បេសកកម្មរបស់កាកបាទក្រហម និងភារកិច្ចផ្លូវការរបស់យើង ក្នុងនាមជាព្រះមហេសី នៃព្រះប្រមុខរដ្ឋ»។

ព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជបន្ទូលបន្តទៀតថា ចាប់តាំងពីពេលមានរដ្ឋប្រហារមក ព្រះអង្គ ត្រូវបង្ខំព្រះរាជហឫទ័យចូលប្រឡូកយ៉ាងសំខាន់ក្នុងសកម្មភាពនយោបាយ ដោយត្រូវខិតខំស្វែងយល់អំពីកិច្ចការអន្តរជាតិ និងជាពិសេស កាលៈទេសៈនានាជុំវិញប្រទេសកម្ពុជា។

ព្រះអង្គ បានដង្ហែសម្តេចឪ យាងបំពេញព្រះរាជទស្សនកិច្ចនៅតាមខេត្តនានាជាច្រើន ទូទាំងសាធារណរដ្ឋប្រជាមានិតចិន ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីថ្នាក់ដឹកនាំកំពូលចិនគ្រប់ជំនាន់ និងមហាប្រជាជនចិន គ្រប់ស្រទាប់វណ្ណៈ និងក្នុងជំនួបនយោបាយសំខាន់ៗជាច្រើនរាប់មិនអស់ជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ចិន។ ស្ទើរតែជារៀងរាល់សប្តាហ៍នៅប្រទេសចិន ប្រជាជនចិនគ្រប់រូបតែងតែស្តាប់លឺនូវព្រះនាម ព្រះអង្គ ទាំងទ្វេតាមរយៈវិទ្យុជាតិដែលបានចេញផ្សាយពីព្រះរាជសកម្មភាពនានារបស់ទ្រង់ ទើបរហូតមកដល់ពេលនេះប្រសិនបើគេនិយាយដល់ប្រទេសកម្ពុជា រឿងទី១ដែលប្រជាជនចិនស្គាល់ គឺព្រះនាម សម្តេចព្រះ នរោត្តម សីហនុ ។

ឆ្លងកាត់ទំនាក់ទំនងជាច្រើនឆ្នាំ ចាប់តាំងពីលោកប្រធាន ម៉ៅ សេទុង មក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានថ្នាក់ដឹកនាំកំពូលចិនចាត់ទុកជាសាក្សីដ៏សំខាន់សម្រាប់ចំណងមិត្តភាពជាប្រវត្តិសាស្រ្តនេះ ហើយថ្នាក់ដឹកនាំចិនគ្រប់ជំនាន់តែងតែថ្វាយនូវព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងឧត្តុង្គឧត្តមជាទីបំផុត ថ្វាយចំពោះ ព្រះអង្គ ជាពិសេសគ្រប់ពេលដែលទ្រង់គង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងបុព្វហេតុនៃព្រះរាជកិច្ចជាប្រវត្តិសាស្រ្តដ៏សំខាន់នេះហើយ ទើបរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក៕