(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានពន្យល់ប្រាប់សិស្សនាយទាហានសកម្មថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមេដឹងនាំ ដែលមានបទពិសោធន៍ខាងនយោបាយ និងយោធា ដ៏អស្ជារ្យនិងខ្លាំងពូកែបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។

លោកពន្យល់បែបនេះក្នុងឱកាសធ្វើ បាឋកថាស្តីពីនយោបាយឈ្នះៗ និងកិច្ចការពារសន្តិភាពជូនដល់សិស្សនិស្សិតសាលានាយទាហានសកម្ម កាលពីរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានលើកឡើងថា ប្រទេសកម្ពុជាចាប់ពីមានរដ្ឋប្រហារនាឆ្នាំ១៩៧០ រហូតដល់ថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងបានឆ្លងកាត់នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានធ្វើឲ្យប្រជាជនកម្ពុជាទទួលរងនូវមហាវិនាសសកម្ម និងការកាប់សម្លាប ក្តីវិនាសព្រាត់ប្រាស និងការឈឺចាប់ ១០០០ជំពូក ដែលបានកើតឡើងចំពោះប្រជាជន និងប្រទេសកម្ពុជា ដែលប្រវត្តិសាស្ត្រមនុស្សជាតិកម្របានជួបប្រទះ។ គឺគ្រានោះហើយ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញយ៉ាងច្បាស់អំពីក្តីវិនាសអន្តរាយ នៃអាយុជីវិតប្រជាជន និងប្រទេសកម្ពុជាទើបសម្តេច បានចាប់ផ្តើមចេញដំណើរធ្វើការតស៊ូនាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៧៧ ដោយយកអាយុជីវិតធ្វើដើមទុន និងមិនខ្លាចសេចក្តីស្លាប់ ដើម្បីរំដោះអាយុជីវិតប្រជាជន និងប្រទេសកម្ពុជារហូតទទួលបានជ័យជំនៈទំាងស្រុងនាថ្ងៃទី ០៧ មករា ឆ្នាំ១៩៧៩។

ក្រោយពីការដឹកនាំរំដោះប្រទេសជាតិបានហើយសម្តេចតេជោ ហ៊ុន សែន បានរៀបចំក៏សាងប្រទេសឡើងវិញពីបាតដៃទទេផ្តើមចេញពីចំណុចសូន្យ និងរៀបចំផែនការ ការពារអាយុជីវិតប្រជាជន និងប្រទេសកម្ពុជានិងការទប់ស្កាត់នៃការប៉ុនប៉ងវិលប្រឡប់មកកាន់អំណាចសាជាថ្មី នៃរបបប្រល័យពូជសាសន៍ ប៉ុលពត។ ហើយមិនតែប៉ុណ្ណោះសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំដែលស្រលាញ់ប្រជាជន និងប្រទេសកម្ពុជាលើសអំពីជីវិតរបស់ខ្លួនឯង បានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីក៏សាងសង្គមជាតិ និងរិះរក់គ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ទើបសម្តេចបានចាប់ផ្តើមចេញដំណើរស្វែងរកការចរចាសន្តិភាពជាមួយ សម្តេចឪ ព្រះនរោត្តមសីហនុ និងភាគីជម្លោះខ្មែរដទៃទៀតរហូតទទួលបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស នាថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ និងរហូតឈានទៅដល់ការរៀបចំការបោះឆ្នោត ដែលរៀបចំដោយ អ៊ុនតាក់ នាឆ្នាំ១៩៩៣ ដែលបាននាំមកនៅលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរហូតមកទល់ពេលបច្ចុប្បន្ន។

ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានបញ្ជាក់បន្ថែមថា ក្រោយពីការបោះឆ្នោតឆ្នាំ១៩៩៣ រួចហើយ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាមេដឹកនាំប្រទេសកម្ពុជា នៅតែមានក្តីបារម្ភណ៍អំពីជោគវាសនាប្រទេសជាតិដោយហេតុថា សង្គ្រាមស៊ីវិលរវាងខ្មែរនិងខ្មែរ មិនទាន់ត្រូវបានបញ្ចប់ពួកខ្មែរក្រហមនៅតែច្បំាងទាមទារកាន់កាប់ទឹកដីប្រទេសកម្ពុជាមួយចំនួន ហើយបន្តប្រយុទ្ធជាមួយនឹងកម្លាំងរាជរដ្ឋាភិបាល ហើយជាពិសេសទៅទៀតនៅតែបន្តការកាប់សម្លាប់អាយុជីវិតប្រជាពលរដ្ឋស្លួតត្រង់ ជាបន្តបន្ទាប់ ទើបសម្តេចបានដាក់ចេញនយោបាយឈ្នះៗក្នុងការបង្រួបង្រួមជាតិ និងការបញ្ចប់សង្គ្រាមទាំងស្រុងដើម្បីទាមទារសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជារហូតទទួលបានជោគជ័យជាស្ថាពរ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនាឆ្នាំ១៩៩៨។ ចាប់ពីឆ្នាំ១៩៩៨ រហូតមកទល់និងពេលបច្ចុប្បន្នប្រទេសកម្ពុជាទទួលនៅសុខសន្តិភាពការឯកភាពទឹកដីពេញលេញ ដែលមានរយៈពេល២២ឆ្នាំកន្លងមកហើយ នៅក្រោមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេស និង ជាអគ្គមហាបុរសរដ្ឋដ៏ឆ្នើម ដែលមានបទពិសោធន៍ខាងនយោបាយ និងយោធាដ៏ខ្លាំងពូកែក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ក្នុងរយៈពេល២២ឆ្នាំក្រោមដំបូលនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់អំណាច កើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពសម្បូសប្បាយ ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលបានធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ទំាងក្នុងតំបន់ និងនៅលើសកលលោក។

ឆ្លៀតឱកាសនោះឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានផ្តំាផ្ញើនិងណែនាំដល់សិស្សនាយទាហានសកម្ម ដែលអនាគតជាអ្នកបន្តរវេននៅក្នុងការថែរក្សាការពារប្រជាជន និងប្រទេសកម្ពុជាថា ត្រូវតែមានស្មារតីនិងការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការត្រៀមខ្លួនជានិច្ចដើម្បីត្រៀមទប់ទល់ និងទប់ស្កាត់ចំពោះក្រុមដែលចង់មកបំផ្លាញសុខសន្តិភាពនិងសុភមង្គល និងក្តីសុខសាន្តរបស់ប្រជាជន និងប្រទេសកម្ពុជាដោយក្រុមជ្រុលនិយមជ្រកក្រោមផ្លាកឈ្មោះលទ្ធិប្រជាធិបតេយ្យក្លែងក្លាយ ដើម្បីធ្វើនយោបាយតាមបែបញុះញង់បំបែកបំបាក់សង្គមជាតិ និងឈានទៅប្រមូលផ្តុំកម្លាំងមហាជនដើម្បីផ្តូលរំលំរបបរាជានិយម និងផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយប្រជាជន ដើម្បីសម្រេចមហិច្ឆិតានយោបាយក្នុងការបំផ្លាញប្រទេសកម្ពុជា។

ជាថ្មីម្តងទៀតឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានផ្តាំផ្ញើនិងណែនាំទៅដល់ថ្នាក់ដឹកនាំសាលាគ្រូយោធាចារ្យ សិស្សនិស្សិតនាយទាហានសកម្ម ត្រូវតែប្តេជ្ញារួមគ្នាថែរក្សាសន្តិភាពការពារ និងប្តេជ្ញាគាំទ្រនូវគោលនយោបាយសន្តិភាពនិយម និងការពារ សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្យចេញពីការបោះឆ្នោត និងប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពារនូវសុខសុភមង្គលនិងក្តីសុខសាន្ត របស់ប្រជាជន និងប្រទេសកម្ពុជានៅក្រោមដំបូលមាគឥាដឹកនាំខាងនយោបាយ និងយោធាដ៏អស្ចារ្យ និងខ្លាំងពូកែបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន។ លោកបានឧបត្ថមថវិកាចំនួន ៣៧លានរៀល ជូនដល់គ្រូយោធាចារ្យសិស្សនាយទាហានសកម្ម និងសាលាផងដែរ៕