(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះទៅពិនិត្យស្ថានភាពរួមពីជីវ ភាពរស់នៅរបស់ប្រជាជន និងស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងរដ្ឋបាលភូមិស្រែជិះ និងភូមិឧបសម្ព័ន្ធស្រែសាប ភូមិអំពក និងភូមិឧបសម្ព័ន្ធស្រែក្នុង ក្នុងឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។

ការចុះពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនពីសំណាក់លោករដ្ឋមន្រ្តីនាពេលនេះ ក៏មានការអមដំណើរដោយ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងក្រសួង អភិបាលរងខេត្តក្រចេះ អភិបាលស្រុកសំបូរ មន្ត្រីរាជការតាមមន្ទីរជំនាញនៅថ្នាក់ខេត្ត ស្រុក មន្ត្រីមូលដ្ឋានឃុំស្រែជិះ និងឃុំរលួសមានជ័យផងដែរ។

ក្នុងដំណើរផ្លូវប្រមាណជាង១០០ គ.ម ចេញពីទីរួមខេត្តក្រចេះតាមផ្លូវជាតិលេខ៧ រួចឆ្លងកាត់តាមផ្លូវលំនៃតំបន់ខ្ពង់រាបភាគឥសាននៃប្រទេស ដែលពេលខ្លះត្រូវឆ្លងអូរ ឆ្លងស្ពានឈើ ហើយកន្លែងខ្លះដែលមិនអាចធ្វើដំណើរតាមរថយន្តបានត្រូវធ្វើដំណើរតាមគោយន្ត ឬជិះម៉ូតូ ដើម្បីទៅដល់តំបន់ដាច់ស្រយាលខាងលើ។

នៅពេលព្រឹកក្រុមការងារបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជិត ១០០នាក់ ដែលតំណាងឱ្យប្រជាជនជាង ១៥០ គ្រួសារ ចំនួនមនុស្ស ១.២៧១នាក់ នៅភូមិស្រែសាប ជាឧបសម្ព័ន្ធនៃភូមិស្រែជិះ។

នៅពេលរសៀល ក្រុមការងារបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ ៨០ នាក់ តំណាងឱ្យប្រជាជនជាង ១៥០គ្រួសារ ចំនួនមនុស្ស ១.១៨៨ នាក់ នៅភូមិស្រែក្នុង ជាឧបសម្ព័ន្ធនៃភូមិអំពក ឃុំស្រែជិះ។ប្រជាពលរដ្ឋនៅភូមិឧបសម្ព័ន្ធទាំងពីរនេះភាគច្រើនជាជនជាតិដើមភាគតិចក្រោល ព្នង និងទំពួន។

បងប្អូនទាំងអស់រស់នៅក្នុងតំបន់នេះតាំងពីយូរយារណាស់មកហើយ គ្រាន់តែក្នុងសម័យសង្គ្រាមពួកគាត់ត្រូវជន្លៀសទៅកន្លែងផ្សេង ចុងក្រោយក៏បានវិលត្រឡប់មករស់នៅភូមិកំណើតដើមរបស់ខ្លួនសព្វថ្ងៃនេះវិញ។

ក្នុងពេលជួបសំណេះសំណាល លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងកោតសរសើរក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់បក្សនិងរដ្ឋ ជូនចំពោះស្មារតីសាមគ្គីភាពល្អ ប្រសើររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទាំងពីរខាងលើ ដែលជានិច្ចកាលតែងតែចូលរួមគាំទ្រគោលនយោបាយដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោជាប្រមុខ ក្នុងបុព្វហេតុថែរក្សាសុខសន្តិភាពនិងជំរុញការអភិវឌ្ឍសង្គមជាតិជារៀងដរាបតទៅ៕