(ភ្នំពេញ)៖ នៅក្នុងអំឡុងខែតុលាឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការផ្សព្វផ្សាយ ជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលនឹងទទួលរងនូវ ឥទ្ធិពលខ្យល់ព្យុះមួយចំនួន អាចបង្កជាគ្រោះធម្មជាតិផ្សេងៗជាយថាហេតុ។

ក្រសួងធនធានទឹកក៏បានលើកឡើងផងដែរថា នៅឆ្នាំ២០២០នេះ អាចមានព្យុះកើតឡើងពី ២៤ទៅ ២៦ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយក្នុងនោះមាន ៤ទៅ ៥ព្យុះ នឹងកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ដែលជះឥទ្ធិពលដល់កម្ពុជា បង្កអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ ជួរភ្នំ និងខេត្តនៅតំបន់មាត់សមុទ្រ។

ទន្ទឹមជាមួយគ្នានេះផងដែរ ដោយស្មារតីម្ចាស់ការ និងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់កម្លាំងអាវុធហត្ថទូទាំងប្រទេស ត្រូវត្រៀមលក្ខណៈសម្បត្តិជាស្រេចទាំងមធ្យោបាយ និងមនុស្សដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយឡែកលោកឧត្តមសេនីយឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការត្រៀមកម្លាំង សម្ភារ មធ្យោបាយដឹកជញ្ជូន និងតាមដានសភាពការណ៍២៤ម៉ោងលើ២៤ម៉ោង រង់ចាំចុះអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចរងគ្រោះ ដោយគ្រោះធម្មជាតិជាយថាហេតុ។

ពិតដូចការព្យាករណ៍ទុក បន្ទាប់ពីមានឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស មានតំបន់ក្នុងខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារយ៉ាងធ្ងន់ធ្ងរ រីឯរាជធានីភ្នំពេញ ក៏ទទួលរងនូវឥទ្ធិពលភ្លៀងព្យុះទាំងនេះផងដែរ ដោយធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ ហូរលើខ្នងទំនប់ ទឹកបែកវាល ជនលិចធ្ងន់ធ្ងរដល់សង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ ពោធិ៍សែនជ័យ និងកំបូល។

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានត្រៀមខ្លួនជាស្រេចក្នុងការ សង្គ្រោះពលរដ្ឋ បានចេញបេសកកម្មទាំងយប់ ទាំងថ្ងៃដោយរួមសហការជាមួយកម្លាំងចម្រុះជាច្រើនទៀត ចុះដល់ទីតាំងរងគ្រោះ បើកប្រតិបត្តិការជួយសង្គ្រោះជម្លៀស ប្រជាពលរដ្ឋ ចេញពីតំបន់លិចទឹកទៅកាន់ទីទួលសុវត្ថិភាព បានទាន់ពេលវេលា។

ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែជំនន់ទឹកភ្លៀងបានឡើងខ្ពស់ រហូតជន់លិចខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងបុរី វីអាយភី និងបុរីរតនៈភ្នំពេញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោដោយមិនដឹងខ្លួន ភ្លាមៗនោះ ដោយបានទទួលការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយឯក រ័ត្ន ស៊្រាង បានដឹកនាំកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ចេញជួយសង្គ្រោះទាំងយប់ ជម្លៀសប្រជាពលរដ្ឋជាង១ពាន់នាក់ចេញពី តំបន់រងគ្រោះដោយ សុវត្ថិភាព តាំងពីក្បាលព្រលប់ រហូតដល់ម៉ោង៥ទាបភ្លឺ ទើបសង្គ្រោះសម្រេចរួចរាល់ ហើយបានបន្តទៅជួយច្រកខ្សាច់លើកជាទំនប់ទប់ទឹក កុំឲ្យហូរដាច់ផ្លូវនិងកុំឲ្យហូរ ចូលទៅជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស ដោយប្រើប្រាស់កម្លាំងនិងសម្ភារដែលអាវុធហត្ថរាជធានីភ្នំពេញ បានត្រៀមបម្រុងទុកមានដូចជាខ្សាច់ ការ៉ុង ប៉ែល ចប បង្គី និងមធ្យោបាយដឹកជញ្ជូនជាដើម។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ដល់តំបន់រងគ្រោះ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលឡើងមកកាន់ទីទួលសុវត្ថិភាពចំនួន០២គោលដៅ ក្នុងពេលនោះសម្តេច បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗជាច្រើន ដល់មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងកម្រុះ ឲ្យយកចិត្តទុកដាក់ជួយសង្គ្រោះ និងបម្រើពលរដ្ឋឲ្យបានស្រុះគ្នា។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំចង្អុលបង្ហាញជាប្រចាំពីនាយឧត្តមសេនីយ៍ សៅ សុខា និងការដឹនាំប្រគល់ភារកិច្ចពីលោក ឃួង ស្រេង កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសហការជាមួយអាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់ប្រភេទ បើកយុទ្ធនាការ យ៉ាងសស្រាក់សស្រាំ ក្នុងការបំពេញបេសកកម្ម ជួយសង្គ្រោះនិង បម្រើពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ទាំងយប់ទាំងថ្ងៃ ជាបន្តបន្ទាប់មានដូចជា៖