(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីតាំងចំនួនបីផ្សេងគ្នា លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរាជរដ្ឋាភិបាល ដោយមានចូលរូមពីក្រុមការងារពីថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្ស សិស្សានុសិស្ស។

ក្នុងឱកាសនោះបណ្ឌិត សឿ សុជាតា បានចុះជួបសំណេះសំណាល និងពិនិត្យតាមដានការរៀន និងបង្រៀនព្រមទាំងការត្រៀមលក្ខណ:ទទួលបានជោគជ័យ ក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី២១ ខែធ្នូ ខាងមុខ តាមគោលការណ៍ណែនាំរបស់ក្រសួងជាមួយគ្រូបង្រៀនថ្នាក់ទី១២ និងសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបរិបូណ៌ខាងត្បូង វិទ្យាល័យហ៊ុន សែន បរិបូណ៌ និងអនុវិទ្យាល័យត្រពាំងចាន់ ឱ្យខិតខំសិក្សាស្រាវជ្រាវថែរក្សាសុខភាព បង្ការខ្លួនពីជំងឺកូវីដ-១៩ និងដាច់ខាតមិនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា បានប្រាប់ឱ្យបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២១ ធ្នូ ២០២០ តាមដាន Facebook Group នៃទំព័រហ្វេសប៊ុកផ្លូវការ facebook.com/groups/moeys ដើម្បីទទួលបាន វីដេអូកំណែប្រធានវិញ្ញាសាប្រឡងឆ្នាំមុនៗ តាមអត្រាថ្នាក់ជាតិគ្រប់មុខវិជ្ជាដែលត្រូវជ្រើសរើសសម្រាប់ប្រឡង មិនតែប៉ុណ្ណោះមេរៀនសង្ខេប វីដេអូបង្រៀនគ្រប់មុខវិជ្ជាទាំងឆមាសទី១ និងឆមាសទី២ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្ត ព័ត៌មានសំខាន់ៗ ទាក់ទងនឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ ធ្នូ ២០២០សម្រាប់ប្អូនៗ បេក្ខជនប្រឡង។

ជាមួយគ្នានេះបណ្ឌិត សឿ សុជាតា បានប្រគល់នូវសម្ភារ:មួយចំនួនដែលជាតំរូវការចាំបាច់មានជាអាទិ៍៖

១៖ ម៉ូដឹមផ្ទុកឯកសារមេរៀនសង្ខេប បណ្តុំវិញ្ញាសារនិងកំណែវិញ្ញាសារឆ្នាំ២០១៧-២០១៩ ថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន០២គ្រឿង ដល់ជូនវិទ្យាល័យទាំងពីរ។
២៖ ផ្តល់ចង្កៀងសូឡា២០០វ៉ាត់ ចំនួន២៧អំពូលដល់ វិទ្យាល័យបរិបូណ៌ខាងត្បូង វិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងអនុវិទ្យាល័យត្រពាំងចាន់ផងដែរ។

ជាមួយគ្នានេះដែរ បណ្ឌិត សឿ សុជាតា ក៏បានចុះពិនិត្យពិនិត្យអណ្តូងទឹកស្អាត និងកន្លែងលាងដៃតាមស្តង់ដារដែលបានផ្តល់ជូនអនុវិទ្យាល័យត្រពាំងចាន់ និងកិច្ចទំនាក់ទំនងរវាងសាលារៀនជាមួយ ក្រុមហ៊ុនគម្ពីរលើការចែកជាវកុំព្យូទ័រយួរដៃ តាមទម្រង់បង់រំលោះជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស (១៤០$/គ្រឿង)៕