(ភ្នំពេញ)៖ ក្នុងការអនុវត្តនីតិវិធីរដ្ឋប្បវេណី ការចូលរួមបង្ហាញខ្លួននៅក្នុងនីតិវិធីរបស់គូភាគីនៃរឿងក្ដី គឺជាភាពចាំបាច់បំផុត ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាភាពត្រឹមត្រូវ និងយុត្តិធម៌ ទៅលើការសម្រេចសេចក្ដីរបស់តុលាការ។

ប្រសិនបើច្បាប់អនុញ្ញាតឲ្យតុលាការអាចកោះហៅភាគីតែម្ខាងមកវិនិច្ឆ័យក្ដីនៅក្នុងកាលបរិច្ឆេទ ឬទីកន្លែង ដែលអវត្តមានភាគីម្ខាងទៀត នោះទំនុកចិត្តលើការវិនិច្ឆ័យក្ដីអាចនឹងត្រូវបាត់បង់ ហេតុនេះហើយទើបការវិនិច្ឆ័យចាំបាច់ត្រូវបានធ្វើឡើងដោយមាន វត្តមានរបស់គូភាគីនៅក្នុងកាលបរិច្ឆេទមួយ និងចំពោះមុខគ្នា។

ប៉ុន្តែបើភាគីណាម្នាក់បានអវត្តមាននៅក្នុងនីតិវិធី ដែលតុលាការបានកំណត់កាលបរិច្ឆេទ និងបានកោះហៅយ៉ាងត្រឹមត្រូវ តុលាការនៅតែអាចសម្រេចក្ដីបានតាមរយៈសាលក្រមកំបាំងមុខភាគីដែលអវត្តមាននោះ។

ខាងក្រោមនេះនឹងបង្ហាញថា តើអ្វីទៅជាសាលក្រមកំបាំងមុខ? ហើយតុលាការអាចចេញសាលក្រមនេះបាននៅពេលណា?

ដើម្បីយល់ដឹងឲ្យបានកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «សាលក្រមកំបាំងមុខក្នុងរឿងក្ដីរដ្ឋប្បវេណី» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

សាលក្រមកំបាំងមុខ គឺជាប្រភេទនៃសាលក្រមដែលចេញ និងប្រកាសកំបាំងមុខដើមចោទ ឬចុងចម្លើយ ក្នុងករណីដែលដើមចោទឬចុងចម្លើយមិន បានបង្ហាញខ្លួននៅក្នុង នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល លើកទីមួយ និងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។ មានន័យថានៅពេលភាគីណាម្នាក់ដែលទទួល បានការកោះហៅត្រឹមត្រូវពីតុលាការឲ្យ ចូលរួម នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ឬនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ តែខ្លួនមិនបានចូលរួមនីតិវិធីតាមកាលបរិច្ឆេទដែលបានកំណត់ នោះតុលាការអាចសម្រេចចេញសាលក្រមកំបាំងមុខភាគីនោះបាន។

ប៉ុន្តែការចេញសាលក្រមកំបាំងមុខនេះ ត្រូវតែគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌដែលបានកំណត់ក្នុង មាត្រា ២០០ និង ២០១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានបញ្ញត្តយ៉ាងច្បាស់អំពីភាពដែលអាចឲ្យតុលាការសម្រេចចេញសាលក្រមកំបាំងមុខបាន។

ចំពោះភាគីដើមចោទ តុលាការអាចចេញសាលក្រមកំបាំងមុខដើមចោទបានក្នុងករណីដូចខាងក្រោម៖

១៖ ក្នុងករណីដើមចោទទទួលបានការកោះហៅពីតុលាការឲ្យចូលរួមនីតិវិធីត្រៀមលើកទី១ ប៉ុន្តែខ្លួនបានអវត្តមានមិនបានចូលរួម នោះតុលាការត្រូវច្រានចោលការទាមទាររបស់ដើមចោទតាមរយៈសាល ក្រមកំបាំងមុខ។

២៖ ប្រសិនបើដើមចោទអវត្តមាននៅក្នុងកាលបរិច្ឆេទបន្តនីតិវិធីត្រៀម(អាចជានីតិវិធីត្រៀមលើ កទី ២ ឬលើសពីនេះ)តុលាការត្រូវកំណត់កាលបរិច្ឆេទ នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ ហើយប្រសិន បើដើមចោទបន្តអវត្តមានក្នុងនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ទៀត តុលាការត្រូវច្រានចោលការទាមទាររបស់ដើមចោទតាមរយៈសាលក្រមកំបាំងមុខ។

ចំពោះភាគីដែលជាចុងចម្លើយវិញ ការចេញសាលក្រម កំបាំងមុខពីតុលាការអាចត្រូវបានឆ្លងកាត់ការពិចារណាល្អិតល្អន់ជាមុនសិន។ មានន័យថាទោះបីជាចុងចម្លើយមិនបាន បង្ហាញខ្លួននៅក្នុងនីតិវិធីត្រៀមសម្រាប់កា រទាញហេតុផលក៏ដោយ ក៏តុលាការមិនអាចចេញសាលក្រមកំបាំងមុខ ឬក៏សាលក្រមទទួលស្គាល់ការទាមទារ របស់ដើមចោទភ្លាមៗឡើយ ពោលគឺចាំបាច់ត្រូវតែឆ្លងកាត់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់ជាមុនសិន។

ម៉្យាងវិញទៀត ទោះបីជាចុងចម្លើយមិនបានចូលរួមនីតិវិធីទាញហេតុផល ដោយផ្ទាល់មាត់ ដែលអាចមានន័យថា ខ្លួនបានសារភាពទទួលស្គាល់ការអះអាងរបស់ ដើមចោទក៏ដោយ ក៏តុលាការនៅតែពិចារណាទៅលើការទាមទាររបស់ដើមចោទជាមុនសិនផងដែរ ។

បើយល់ឃើញថាការទាមទាររបស់ដើមចោទត្រឹមត្រូវ តុលាការត្រូវទទួលស្គាល់ការទាមទាររបស់ដើមចោទ ដោយសាលក្រមកំបាំងមុខ ប៉ុន្តែបើដើមចោទមិនមានមូលហេតុត្រឹមត្រូវក្នុងការទាមទារទេ តុលាការត្រូវចេញសាលក្រមច្រានចោលការទាមទាររបស់ដើមចោទ(សាលក្រមធម្មតា)។

ប៉ុន្តែក្នុងមាត្រា ២០២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ក៏បានបញ្ញត្តអំពីករណីមួយចំនួន ដែលតុលាការមិនអាចចេញសាលក្រមកំបាំងមុខភាគីបានឡើយ ដូចជា៖

១៖ ភាគីដែលមិនបានបង្ហាញខ្លួន មិនបានទទួលការកោះហៅស្របច្បាប់ ។
២៖ ភាគីដែលមិនបានបង្ហាញខ្លួន មានមូលហេតុដែលអាចទទួលស្គាល់ថា ពិតជាមិនអាចបង្ហាញខ្លួនបានពិតមែន ដោយសារគ្រោះមហន្តរាយធម្មជាតិ ឬកាលៈទេសៈផ្សេងទៀតដែលមិនអាចជៀសវាងបាន ។
៣៖ បណ្ដឹងមិនស្របច្បាប់ ។
៤៖ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ ដែលដើមចោទបានធ្វើនៅកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ដែលចុងចម្លើយមិនបានបង្ហាញខ្លួន ហើយខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នោះមិនបានជូនដំណឹងទៅចុងចម្លើយមុនកាលបរិច្ឆេទនោះ ។

សរុបមក ការចេញសាលក្រមកំបាំងមុខ គឺជានីតិវិធីមួយដែលធ្វើឡើងក្នុងករណីមានភាគីណាម្នាក់ដែលទទួលបានការកោះហៅពីតុលាការឲ្យចូលរួមនីតិវិធី តែ មិនបានចូលរួមតាមកាលបរិច្ឆេទកំណត់។ ប៉ុន្តែមិនមែនគ្រប់ករណីដែលភាគីអវត្តមានក្នុងនីតិវិធី តុលាការអាចសម្រេចចេញសាលក្រមកំបាំងមុខភ្លាមៗបាននោះទេ គឺទាល់តែស្របតាមបញ្ញត្តិនៃក្រមនីតិវិធីរដ្ឋប្បវេណីផងដែរ។

ម៉្យាងទៀតការកំណត់អំពីគោលការណ៍នៃការចេញសាលក្រមកំបាំងមុខនេះ គឺអាចផ្ដល់ឲ្យគូភាគីនូវភាពមានទំនួលខុសត្រូវចំពោះអំពើរបស់ខ្លួន ជៀសវាងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដទៃ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសប៊ុក ផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕