(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសំណូមពរយ៉ាងទទូចឲ្យអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ជួយចាត់វិធានបង្ក្រាបល្បែងស៉ីសង (NET24ម៉ោង) មួយកន្លែងនៅជាប់ផ្សារសាមគ្គី ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ការស្នើរបស់ប្រជាពលរដ្ឋ ក្នុងការឲ្យជួយចាត់វិធានការបង្ក្រាបល្បែងស៉ីសងខាងលើនេះ កើតឡើងបន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ឲ្យលោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ ចុះបង្ក្រាបគ្រឿងញៀន និងបង្ក្រាបទីតាំងទូហ្គេមបាញ់ត្រី មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់ស្ថាននីយ៍បូមទឹកគីឡូម៉ែតលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ការបង្ក្រាបគ្រឿងញៀន និងបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅសង្កាត់ស្វាយប៉ាកនេះ ក្រៅពីដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង, ម៉ូតូ៣គ្រឿង, កង់១គ្រឿង គ្រឿងញៀន និងសម្ភារមួយចំនួនទៀតនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក៏បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ (ស្រីម្នាក់) ផងដែរ ដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

យ៉ាងណាក៏ដោយ បន្ទាប់ពីចុះឆ្មក់បំបែកសំបុកគ្រឿងញៀន និងបង្ក្រាបល្បែងហ្គេមបាញ់ត្រីនៅសង្កាត់ស្វាយប៉ាកនេះ, ប្រជាពលរដ្ឋ មានសង្ឃឹម និងជឿជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ នឹងបន្តចាត់វិធានការបង្ក្រាបល្បែងស៉ីសង (NET24ម៉ោង) មួយកន្លែងទៀត ស្ថិតនៅជាប់ផ្សារសាមគ្គី ពោលគឺនៅក្បែរទីតាំងពិគ្រោះព្យាបាលជំងឺសើស្បែក និងកាមរោគ (ពេជ្រ គឹមតិច) ប្រហែលជាង ១០ម៉ែត្រប៉ុណ្ណោះ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីសំដៅអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕