(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែងកាលពីពេលថ្មីៗនេះថា ខេត្តព្រៃវែង ស្ថិតនៅប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា មានចំងាយ ៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ រហូតមដល់ពេលនេះ បានទាក់ទាញក្រុមហ៊ុនវិនិយោគចំនួន១១៦ក្រុមហ៊ុន វិនិយោគលើវិស័យជាច្រើន បានជំរុញឲ្យខេត្តមួយនេះ មានវឌ្ឍនភាព និងផ្តល់ឱកាសការងាររាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ក្រៅពីក្រុមហ៊ុនវិនិយោគចំនួន ១១៦ក្រុមហ៊ុន ក៏មានសាខាក្រុមហ៊ុន ១៥៥សាខា សហគ្រាសឯកបុគ្គលចំនួន ២៣សហគ្រាស ដែលប្រតិបត្តិការលើវិស័យជាច្រើននៅក្នុងខេត្ត។

លោកថ្លែងថា ក្រុមហ៊ុនទាំងនេះ បានវិនិយោគទៅលើធនាគារដឹកជញ្ជូនក្នុង និងក្រៅប្រទេស សំណង់ រោងចក្រកាត់ដេរ ផ្តត់ផ្គង់ទឹកស្អាត អ៊ិនធើណិត និងសេវាទូរស័ព្ទ នាំចេញនាំចូល ផលិតផលកសិកម្ម និងគ្រឿងឧបភោគបរិភោគ នាំចូល និងផ្គត់ផ្គង់សម្ភារកសិកម្ម សហគ្រាសផលិតទឹកសុទ្ធ ឡឥដ្ឋ ផ្គត់ផ្គង់កែច្នៃឈើ ប្លាស្ទិក ញ៉ូម ដែក និងផលិតផលកែច្នៃផលិតកសិកម្ម។

លោក ជា សុមេធី បានបន្ថែមថា វិស័យទាំងនេះ ខេត្តបានជំរុញលើកកម្ពស់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេស ជាពិសេសខេត្តជាប់ព្រំដែន ដើម្បីបង្កើនទំនាក់ទំនងពា ណិ ជ្ជកម្មជាមួយអង្គភាពប្រតិបត្តិការ និងពាណិជ្ជករទៅវិញទៅមក។ ក្រៅពីនេះ ខេត្តបានយកចិត្ត ធ្វើការត្រួតពិនិត្យទំនិញ និងចំណីអាហារ ដែលកំពុងចរាចរណ៍លើទីផ្សារ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។

បើតាមន្ត្រីជាន់ខ្ពស់សាលាខេត្តព្រៃវែង បានឲ្យដឹងថា ដោយសារសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្ត និងទីតាំងដីអំណោយផលល្អទើបមានក្រុមហ៊ុនអចនទ្រព្យមួយឈ្មោះថា ក្រុមហ៊ុន សំណង់ឈ្នះ ឈ្នះ បានមកវិនិយោគនៅលើទំហំដីជាង១៥ហិតាស្ថិតក្នុងភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងដោយសាងសង់ជាសំណង់ហេដ្ឋារចនាសមព័ន្ធផ្សេងៗមានដូចជាផ្សារព្រៃវែងថ្មី សួនកុមា សួនកម្សាន្ត សណ្ឋាគារ ផ្ទះល្វែង ភោជនីយដ្ឋាន ហាងកាហ្វេ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀតគិតជាទុនជាង២០លានដុល្លារ។

បើតាមតំណាងក្រុមហ៊ុន បានឲ្យដឹងថា ដោយក្រុមហ៊ុនមើលឃើញក្នុងខេត្តព្រៃវែងនេះមានដីទំនេរច្រើន ដែលមានអំណោយផលល្អដល់ការអភិវឌ្ឍផ្នែកអចនទ្រព្យ ក្នុងនោះដោយសារ ប្រជាពលរដ្ឋនៅទីនេះ កំពុងមានជីវភាពធូរធារនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះពួកគាត់ប្រាកដជាត្រូវការពង្រីកមុខរបរការពង្រឹកសេដ្ឋកិច្ចប្រចាំថ្ងៃ ជាពិសេសការពង្រីកការ រស់នៅបែបស៊ីវិល័យ និងផាសុខភាពរបស់គាត់។ ដូច្នេះទើបក្រុមហ៊ុនសំណង់ឈ្នះឈ្នះមានបំណងមកអភិវឌ្ឍកែប្រែដីទាំងនេះឲ្យមានការអភិវឌ្ឍន៍ រីកចម្រើន និងមានសោភ័ណភាព ផាសុខភាព និងកន្លែងលម្ហែកាយឲ្យសាកសមទៅនឹងតម្រូវការរបស់ពលរដ្ឋតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត។

ពលរដ្ឋនៅក្រុងព្រៃវែង បានលើកឡើងថា មានក្រុមហ៊ុនមកវិនិយោគបង្កើតឲ្យមានផ្សារព្រៃវែងថ្មី និងសំណង់ផ្សេងៗនៅខេត្តព្រៃវែងពួកគាត់មានចិត្តសប្បាយរីករាយ ដែលអាជ្ញាធរខេត្តព្រៃវែង បានខិតខំកៀងគរអ្នកវិនិយោគទុនមករកស៊ីនៅខេត្តព្រៃវែង ជាពិសេសបានបង្កើតការងារជូនពលរដ្ឋក្នុងខេត្ត ដូចជាបង្កើតផ្សារលក់ដូរឲ្យបានសមរម្យផងដែរ។

ក្នុងនោះពួកគាត់ក៏បានស្នើដល់ក្រុមហ៊ុនវិនិយោគផ្សារព្រៃវែងថ្មី សូមកុំតម្លើងថ្លៃតូបធ្វើយ៉ាងណាលក់ក្នុងតម្លៃសមរម្យដែលអាចឲ្យពួកគាត់មានលទ្ធភាពទិញបាន ហើយក៏អាចចូលរួមកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ៕