(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឲ្យក្រសួងសុខាភិបាលយកអ្នកដែលធ្វើចត្តាឡីស័ក មិនត្រឹមត្រូវនៅតាមផ្ទះ មកធ្វើចត្ដាឡីស័កនៅកន្លែងដែលក្រសួងកំណត់ ហើយត្រូវបន្ថែមកម្លាំងនគរបាល និងអាវុធហត្ថដើម្បីយាមកាមឲ្យបានហ្មត់ចត់បំផុត។

ការដាក់បទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យយកអ្នកដែលធ្វើចត្ដាឡីស័កមិនត្រឹមត្រូវ មកទីតាំងដែលក្រសួងកំណត់ដើម្បីធ្វើចត្តាឡីស័កនេះ គឺដើម្បីបញ្ជៀសស្ថានភាព កុំឲ្យកាន់តែលំបាកជាងនោះ ព្រោះថាប្រសិនបើអ្នកដែលតម្រូវឲ្យធ្វើចត្ដាឡីស័ក នៅបន្ដដើរហើរ និងជួបមនុស្សកាន់តែច្រើន នឹងធ្វើឲ្យកាន់តែលំបាក ប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។

តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីកម្រិតកុំឲ្យមនុស្សកើនឡើង តម្រូវឲ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឲ្យកាន់តែលំបាក ប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។

ដើម្បីបញ្ជៀសករណីដូចដែល ខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឲ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដាន គ្រប់មនុស្ស ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍ មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័ក តាមទីកន្លែងដែលរៀបចំដោយ ក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាល ឬកងរាជអាវុធហត្ថឲ្យបានហ្មត់ចត់»

គួរជម្រាបថា លទ្ធផលធ្វើតេស្ដលើកទី២ រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកនៅជាមួយសម្ដេចទាំងអស់ លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន ក៏កំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តមនុស្សជិត៩០០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។ សម្ដេចបានហៅព្រឹត្តិការណ៍នេះថា ជាព្រឹត្តិការណ៍ ៣វិច្ឆិកា។

សម្ដេចបានអះអាងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ ដឹងថា វិជ្ជមាន ឬអវិជ្ជមាន ដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត៕