(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានស្នើឲ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងចែកចាយបន្ត លើអត្ថបទខ្លីមួយនិយាយអំពីរោគសញ្ញា នៃការឆ្លងជំងឺCovid-19 ដែលចែកចាយតាមបណ្ដាយសង្គម Facebook។ ដោយនៅក្នុងសំណេរនោះបានសរសេររៀបរាប់ពីរោគសញ្ញាផ្សេងៗគ្នា រាប់ពីថ្ងៃឆ្លងដំបូងរហូតដល់ថ្ងៃទី១៤ បន្ទាប់ពីបានឆ្លង។

ការប្រកាសបែបនេះរបស់ក្រសួងសុខាភិបាល ព្រោះអត្ថបទដែលបានផ្សព្វផ្សាយនោះមិនមានការសិក្សា និងត្រួតពិនិត្យច្បាស់លាស់ពីក្រសួងសុខាភិបាល ដែលអាចបង្កឲ្យមានការយល់ច្រឡំដល់ប្រជាពលរដ្ឋ។ ដូច្នេះដើម្បីចៀសវាងការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋក្រសួងសុខាភិបាល បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកដែលបន្តចែកចាយអត្ថបទនេះបន្តទៀត៕