(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងពាក់ព័ន្ធ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំពូជស្រូវ ដើម្បីចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ប្រមាណ ៩៦៤គ្រួសារ ដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ ដោយគ្រោះទឹកជំនន់កន្លងទៅ ក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស។

នាឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចកាល សម្ដេចតេជោ តែងរួមសុខរួមទុក្ខ និងដោះស្រាយការលំបាកផ្សេងៗជាច្រើនជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនដែលទុកចោលឱ្យប្រជាពលរដ្ឋរងគ្រោះណាម្នាក់ដោយមិនមានការដោះស្រាយឡើយ។ ជាក់ស្ដែងការនាំពូជស្រូវយកមកចែកជូនដល់គ្រួសារប្រជាពលរដ្ឋពេលនេះ គឺជាចំណាត់ការដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណា ស្ដាផ្ទៃដីស្រូវដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀងកន្លងទៅឱ្យអស់លទ្ធភាពដើម្បីជួយបង្កើនជីវភាពគ្រួសារប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

លោកអភិបាលខេត្ត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ក្រោយពីទទួលបានពូជស្រូវនេះ ត្រូវខិតខំយកចិត្តទុកដាក់ យកទៅធ្វើការសាបព្រួសស្ដារផ្ទៃដីដាំដុះស្រូវឡើងវិញដែលមាន និងឱ្យបានឆាប់រហ័សទាន់រដូវកាល ព្រមទាំងដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីបានផលសម្រាប់បង្កើនជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរឡើង។

លោក ជាវ តាយ ក៏បានក្រើនរំឮក និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានគម្លាតសង្គម ឲ្យបានទាំងអស់គ្នា បើគ្មានការចាំបាច់ក្នុងឱកាសជួបជុំណាមួយ។ ពិសេសសំខាន់បំផុតត្រូវអនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ឱ្យបានដាច់ខាត ព្រោះជំងឺនេះនៅមិនទាន់ផុតរលត់ ពីពិភពលោកយើងនៅឡើយទេ។

ពូជស្រូវ ដែលលោកអភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំទាំងពាន់ ចុះចែកជូនប្រជាពលរដ្ឋពេលនេះ គឺប្រភេទពូជស្រូវ (OM5451) ជាពូជមិនប្រកាន់រដូវ ផ្ដល់ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មកជូនរដ្ឋបាលខេត្តកំពត តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីបែងចែកដល់គ្រួសារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខូចខាតលើដំណាំស្រូវ សម្រាប់ធ្វើការសាបព្រួសស្ដារការខូចខាតឡើងវិញ ដែលរងការបំផ្លាញដោយទឹកជំនន់ក្នុងខែតុលាកន្លងទៅ។

ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជសរុបប្រមាណ ៩៦៤គ្រួសារ ក្នុងនោះមកពីស្រុកកំពង់ត្រាច មានឃុំចំនួន២ ចំនួន២៣៤គ្រួសារ និងស្រុកបន្ទាយមាស មាន៧ឃុំ ចំនួន៧៣០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានពូជស្រូវចំនួន ១០០គីឡូ សរុបពូជស្រូវដែលត្រូវចែកដល់ដៃប្រជាពលរដ្ឋ មានចំនួន៩៦តោន ៤០០គីឡូ។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប៥០ម៉ឺនរៀល ជូនដល់កងកម្លាំង ២៥នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕