(កណ្ដាល)៖ មេក្លោងចែកចាយគ្រឿងញៀន បានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្តកណ្តាលប្រមាណចំនួន៣គ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចចំណុចភូមិថ្កុលឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

សមមត្ថកិច្ចដែលចុះបង្ក្រាបក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងថា ជនសង្ស័យ បានបើកការបាញ់ប្រហារ ១គ្រាប់សំដៅមកសមត្ថកិច្ចមុន។ បន្ទាប់មករយៈពេលប្រមាណជាង ១ម៉ោង ជនសង្ស័យបានបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ២គ្រាប់បន្ថែមទៀត ដើម្បីគំរាមសមត្ថកិច្ច ដើម្បីព្យាយាមរំដោះគេចខ្លួន។

«ខណៈពេលនេះសមត្ថកិច្ចដែលដឹកនាំដោយលោកស្នងការកំពុងឡោមព័ទ្ធ ប្រដេញតាមចាប់ជនសង្ស័យជាមេក្លោងគ្រឿងញៀននៅឡើយ»។ នេះបើតាមលោកស្នងការ បានបញ្ជាក់ប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល។

សម្រាប់ព័ត៌មានលម្អិតជុំវិញប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀននេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សាយលម្អិតបន្ថែមទៀតនៅពេលក្រោយ៕