(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអះអាងថា ខ្លួនមិនទាន់រកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងព្រិត្តិការណ៍០៣វិច្ឆិកា ក្នុងខេត្តនេះនៅឡើយទេ។ ទោះយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរកឃើញអ្នកសង្ស័យចំនួន ២៥នាក់ ហើយកំពុងដាក់ឲ្យធ្វើចត្តាឡីស័កកម្រិត២ និងកម្រិត១។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថា៖ «មកទល់បច្ចុប្បន្មនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត មិនទាន់រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍០៣វិច្ឆិកានៅឡើយទេ តែបានរកឃើញអ្នកសង្ស័យបានប៉ះពាល់ផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ខាងលើនេះ ចំនួន២៥នាក់ និងបានដាក់ពួកគាត់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន០៩នាក់ និងនៅមណ្ឌុលចត្តាឡីស័កកម្រិត១ ក្នុងស្រុកគូលែនចំនួន ១៦នាក់ផងដែរ»។

មន្ទីរសុខាភិបាលខេត្ត បានណែនាំដល់អ្នកសង្ស័យ ដែលបានប៉ះពាល់ដោយប្រយោលលើប្រយោល ឲ្យពួកគាត់ធ្វើចត្តាឡីសក័តាមផ្ទះ។ លើសពីនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏កំពុងបន្តស្វែងរកអ្នកសង្ស័យដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ខាងលើនេះ ដើម្បីដាក់ពួកគាត់នៅដាច់ដោយឡែកធ្វើចត្តាឡីស័ក។

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ចំពោះអ្នកប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលចំនួន ២៥នាក់ដែលកំពុងធ្វើចត្តាឡីស័ក មានសុខភាពល្អធម្មតាទេ។ មន្ទីរដដែល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះវិហារ ចូលរួមការពារខ្លួនពីជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា៕