(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ាណែត បានប្រាប់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមេដឹកនាំដែលមានទំនួលខុសត្រូវ ទោះបីមានការនឿយហត់ខ្លាំង តែកម្លាំងចិត្តនៅជាមួយពលរដ្ឋជានិច្ច។

លោកថ្លែងបែបនេះក្នុងឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ជាមួយការជូនពរប្រជាពលរដ្ឋឱ្យមានសុខភាពល្អ និងអាចស្តាជីវភាពបានប្រសើរឡើងវិញ។ ក្រោយព្រឹត្តិការណ៍ថ្ងៃ ០៣ វិច្ឆិកា ក្នុងនាមជាមេដឹកនាំគំរូ សម្តេចត្រូវស្ថិតនៅក្នុងការធ្វើចត្តាឡីស័ក ហើយសម្តេចពិតជាសោកស្តាយ ដែលមិនអាចមកចូលរួមផ្ទាល់ ដូចដែលបានធ្វើនៅក្នុងដំណាក់កាលសង្គ្រោះ កាលពីប្រហែលជា ០៣សប្តាហ៍កន្លងទៅនេះ ប៉ុន្តែបានចាត់តំណាងចូលរួមទៅកាន់ខេត្តគោលដៅតាមផែនការកំណត់ ដោយតាមដានការអនុវត្តចាប់ជាប្រចាំ ព្រោះការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ដៃ និងទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។

លោកបានអរគុណក្រុមការងារខេត្ត ស្រុក ឃុំ និងក្រុមការងារពាក់ព័ន្ធ នៅក្នុងការរៀបចំកម្មវិធីនេះបានទាន់ពេលវេលាបន្ទាន់ ដោយគ្មានការយឺតយ៉ាវ រួមទាំងការដឹកជញ្ជូនប្រជាពលរដ្ឋ និងស្បៀង ក្នុងដំណើរទៅមកដោយសុវត្ថិភាព សម្រេចបានតាមការគិតគូរយកចិត្តទុកដាក់ល្អិតល្អន់របស់សម្តេចតេជោ ដែលខ្វល់បារម្ភចំពោះការលំបាករបស់ប្រជាពលរដ្ឋ គ្រប់បញ្ហាតូចធំទាំងអស់។ ភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ គឺការនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលលំបាកបំផុត។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា «(សម្តេចតេជោ ហ៊ុន សែន) ក្នុងជាមេដឹកនាំដែលទទួលខុសត្រូវ ទោះបីមានការហត់នឿយ ប៉ុន្តែកម្លាំងចិត្តនៅជាមួយប្រជាពលរដ្ឋ។ អ្វីដែលសំខាន់គឺទឹកចិត្ត និងសកម្មភាពជាក់ស្តែង។ យុវជនស្ម័គ្រចិត្តម្នាក់ ក៏អាចជួយជាតិ ដោយគ្រាន់តែចំណាយពេលវេលា និងកម្លាំង ឬប្រថុយគ្រោះថ្នាក់ជួយប្រជាពលរដ្ឋរបស់យើងក្នុងគ្រាលំបាក»

កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានបន្តថា ទោះក្នុងប្រទេសធំ ឬតូច គ្រោះធម្មជាតិយើងមិនអាចគ្រប់គ្រងបានឡើយ ប៉ុន្តែការជួយប្រជាពលរដ្ឋ គឺអ្វីដែលយើងត្រូវធ្វើឱ្យបាន។ សម្តេចយកចិត្តទុកដាក់ណាស់ ហើយបានបញ្ជាអាជ្ញាធរគ្រប់ផ្នែក និងកងកម្លាំងទាំងអស់ ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងចលនាមនុស្សធម៌នេះ ទាំងក្នុងដំណាក់កាលសង្គ្រោះ និងការស្តាឡើងវិញ ហើយដែលនឹងបន្តជាប់រហូត។ ទោះតិច ឬច្រើន អ្វីដែលសំខាន់ គឺយើងអាចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាអាទិភាពចម្បងបំផុតពេលគ្រោះទឹកជំនន់ ហើយនៅក្នុងគ្រប់គ្រោះមហន្តរាយទាំងអស់ គឺអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បង។

លោកក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធ, ក្រុមយុវជនស្ម័គ្រចិត្ត និងក្រុមការងារពាក់ព័ន្ធ ក៏ដូចជាសប្បុរសជនជាតិ-អន្តរជាតិ ដែលបានចូលរួមឧបត្ថម្ភតាមរយៈការចុះជួយផ្ទាល់, តាមរយៈសម្តេចតេជោ, យន្តការកាកបាទក្រហម និងយន្តការផ្សេងៗក្តី គឺបានបង្ហាញអំពីកម្លាំងរួបរួមសាមគ្គីជួយគ្នា។ ជាពិសេស គឺអរគុណប្រជាពលរដ្ឋផ្ទាល់ ដែលបានចូលរួមសហការល្អនៅចំពោះមុខវិបត្តិនេះ ហើយក៏មានប្រជាពលរដ្ឋខ្លះ ក៏បានជួយគាំទ្រស្មារតីដល់កងកម្លាំងយើងថែមទៀតផង។

លោក ហ៊ុន ម៉ាណែត ចាត់ទុកថា «នេះហើយជាស្មារតីរួមគ្នា ដែលជាជោគជ័យនៃនិរន្តរភាពនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យខ្មែរត្រូវរ៉ូវគ្នា ដែលជាបំណងប្រាថ្នារបស់សម្តេចតេជោ។ ថ្នាក់ដឹកនាំនយោបាយបានបញ្ចប់សង្គ្រាម ប៉ុន្តែសង្គ្រាមមិនបញ្ចប់ ប្រសិនបើប្រជាពលរដ្ឋមិនរួមគ្នាក្នុងធ្លុងសាមគ្គី ជឿងទុកចិត្តគ្នា ស្រឡាញ់ជួយគ្នាដោយគ្មានរើសអើង»។

លោកបន្តថា ចំពោះបញ្ហាជំងឺកូវីដ-១៩ កន្លងមកនេះ ដោយសារការអនុវត្តវិធានចត្តាឡីស័ក និងវិធានសុខាភិបាលបានល្អ យើងទទួលជោគជ័យ ជាពិសេសកាលៈទេសៈដែលព្រួយបារម្ភបំផុត គឺអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទន្ទឹមនឹងហានិភ័យនៅបន្តមាន ដូចនៅតាមបណ្តាប្រទេសផ្សេងៗ ហើយប្រទេសមួយចំនួនក៏កំពុងបន្តរងគ្រោះខ្លាំង និងមានប្រទេសខ្លះបានចាប់ផ្តើមបិទប្រទេសឡើងវិញ។

លោកថ្លែងទៀតថា ចំពោះមុខនេះ យើងបានក៏ចាប់ផ្តើមពង្រឹងឡើងវិញ។ អ្វីដែលត្រូវជឿជាក់ គឺក្រោមការដឹកនាំរបស់សម្តេចតេជោ គណៈកម្មាធិការការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ជាតិ ថ្នាក់ខេត្ត, ក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរទាំងអស់បានខិតខំប្រឹងប្រែងទប់ស្កាត់យ៉ាងពេញទំហឹង។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន, គ្រួសារ និងសហគមន៍ ព្រោះហានិភ័យនៃជំងឺនេះអាចប្រែប្រួលលឿន ដូចមានឧទាហរណ៍ស្រាប់នៅក្នុងប្រទេសមួយចំនួន។ ការចូលរួមរបស់ប្រជាពលរដ្ឋ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការរួមគ្នាដើម្បីឈ្នះលើវិបត្តិកូវីដ-១៩នេះ។

ជាចុងក្រោយ លោកសូមនាំមកនូវការផ្តាំផ្ញើអរគុណប្រជាពលរដ្ឋ ដែលតែងគាំទ្រ និងបោះឆ្នោតជូនសម្តេចជានាយករដ្ឋមន្ត្រីក្នុងអាណត្តិកន្លងមក និងសូមបន្តដើម្បីសម្តេចដឹកនាំបន្តទៀត សម្រាប់ខ្មែរយើងទាំងអស់គ្នា ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត៕