(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងបន្ថែមដល់ម្ចាស់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្តនានាមានដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន រោងភាពយន្ត និងសារមន្ទីរនៅទូទាំងខេត្តសៀមរាប ត្រូវបន្តផ្អាកដំណើរការអាជីកម្មរបស់ខ្លួនជាកំហិត ដើម្បីចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងទប់ស្កាត់កូវីដ-១៩។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរ ដែលបានធ្វើឡើងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានចេញសេចក្តីជូនដំណឹងខាងលើនេះ ដើម្បីឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធត្រូវអនុវត្តជាកំហិត។

អង្គប្រជុំនេះបានបន្តផ្សព្វផ្សាយ ក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តសៀមរាបត្រូវយកចិត្តទុកដាក់អនុវត្ត និងរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក ពៅ ពិសិដ្ឋ បានឱ្យដឹងថា ដោយសារស្ថានភាពជំងឺកូវីដ នៅមិនទាន់បានធូរស្រាល ដូចនេះដើម្បីសុវត្ថិភាពក្នុងការឆ្លងចូលសហគមន៍ សូមម្ចាស់អាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរនៅខេត្តសៀមរាបផ្អាកជាបណ្តោះអាសន្នសិន ហើយរង់ចាំការជូនដំណឹងថ្មីបន្ថែម ពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ៕