(កំពង់ឆ្នាំង)៖ ខែកត្តិកចូលមកដល់បាននាំមកនូវជំនោររងា បក់មកពីទិសខាងជើងរហៀកៗ រីឯទេសភាពនៅតាមវាលស្រែមានពណ៌លឿងទុំ ប្រៀបបាននឹងពណ៌មាស ក្រាលភ្លឺផ្លេកពាសពេញស្រែ លាយឡំទៅនិងក្លិនប្រហើរ ដែលជាក្លិនស្រូវថ្មីកំពុងបែកទុំស្រុះពេញស្រែ ចំណែកប្រជាកសិករក៏កំពុងតែមមាញឹក ក្នុងការប្រមូលផលស្រូវ ដោយទឹកចិត្តសប្បាយរីករាយគ្រប់ៗគ្នា។

ជួបជាមួយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពេលកំពុងតែមមាញឹក ក្នុងការប្រមូលផលស្រូវវស្សា ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង យុវជនម្នាក់ដែលមានអាយុប្រមាណជា៣០ឆ្នាំ រស់នៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះប្រជាកសិករ ក្នុងភូមិរបស់គាត់ ទាំងអស់គ្នាគឺមមាញឹកក្នុងការចុះប្រមូលផលស្រូវវស្សា គឺជាស្រូវស្រាល កំពុងទុំស្រុះពេញស្រែនៅគ្រប់ទីកន្លែង។

ប្អូនប្រុសបានឲ្យដឹងទៀតថា ចំណែកផលស្រូវវស្សាឆ្នាំនេះ គឺទទួលបានទិន្នផលខ្ពស់នៅគ្រប់ទីកន្លែង ដោយសារតែឆ្នាំនេះ នៅក្នុងភូមិស្រុករបស់គាត់មានទឹកគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ស្រូវនៅម្ដុំនេះគឺស្កកពេញស្រែដោយសារតែមិនមានទឹកគ្រប់គ្រាន់ ឆ្នាំនេះប្រជាកសិករក្នុងភូមិ គឺម្នាក់ៗរីករាយដោយឃើញផលស្រូវឆ្នាំនេះ ផ្លែល្អ គួរស្រូវវែងៗ និងផ្លែស្រូវដាក់គ្រាប់ពេញរលូនល្អទៀតផង។

ដោយឡែកអ៊ំស្រីម្នាក់ ដែលមានទីលំនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរដែរនោះ បានប្រាប់ឲ្យដឹងដែរថា គាត់រីករាយខ្លាំងណាស់ដោយស្រូវឆ្នាំនេះ ទទួលបានផលល្អ បើទោះជាមានស្មៅខ្លះក្នុងស្រែ ក៏ដោយក៏ស្រូវនៅតែលូតលាស់បានល្អ និងផ្លែមានកួរវែងដែលទិន្នផលទទួលបានច្រើនជាងឆ្នាំមុន ការទទួលបានទិន្នផលស្រូវល្អដូចនេះ បើតាមអ៊ំស្រីមើលទៅ មិនមែនទទួលបានល្អតែភូមិឃុំរបស់គាត់ទេ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ ភាគច្រើនគឺទទួលបានទិន្នផលស្រូវល្អស្ទើរគ្រប់ទីកន្លែង។

ឆ្លៀតឱកាសនេះអ៊ំស្រីក៏បានចូលរួមសោក ស្ដាយផងដែរចំពោះប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន ដែលបានទទួលរងនូវការខូចខាតស្រូវវស្សា ដោយសារគ្រោះធម្មជាតិ គឺជំនន់ទឹកភ្លៀងឆ្នាំនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា ដំណាំស្រូវវស្សាក្នុងឆ្នាំនេះទទួលបានផលល្អ ដោយសារឆ្នាំនេះរបបទឹកភ្លៀងគ្រប់គ្រាន់ស្ទើរនៅគ្រប់ទីកន្លែង ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ហើយក៏មានផលប៉ះពាល់មួយចំនួនផងដែរ ដោយសារជំនន់ទឹកភ្លៀង។

លោកបានឲ្យដឹងទៀតថា ទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណជា ១,៣៨៣ហិកតា និងផ្ទៃដីខូចខាតចំនួន៩៣៨ហិកតា នៅក្នុង៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង ការខូចខាតភាគច្រើនគឺស្រូវស្រែនៅតាមជួរមាត់ទន្លេ បច្ចុប្បន្នខាងមន្ទីរក៏បានលើកសំណើរសុំពូជស្រូវពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកចែកចាយជូនប្រជាកសិករ ដែលរងការខូចខាតដំណាំស្រូវខាងលើនេះផងដែរ៕