(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ានលើកទី២២ (22nd APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៨ (28th ACC) តាមប្រព័ន្ធវីដេអូ មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និងជាឧត្តមន្ត្រីអាស៊ាននៃកម្ពុជា បានអញ្ជើញជាតំណាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំនេះ។

* លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទាំងបីមានដូចខាងក្រោម៖

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេសអាស៊ាន បានពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងបានផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវត្តសំខាន់ៗក្នុងតំបន់ ទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួម។ កិច្ចប្រជុំបានលើកពីសារៈសំខាន់ នៃការបន្តកិច្ចខិតខំប្រឹងប្រែងថ្នាក់តំបន់ ដើម្បីសម្រេចនូវការកសាងសហគមន៍អាស៊ាន ប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងមជ្ឈភាពអាស៊ាន ក្នុងពេលដែលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់ ជាមួយនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល។

រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់បានបង្ហាញនូវទស្សនៈរួមថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំ ដោយឡែកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ គឺជាសក្ខីភាពដែលអាស៊ាន បានប្តេជ្ញាចិត្តលើកកម្ពស់ពហុភាគីនិយម និងស្មារតីរួមគ្នា។ ការឆ្លើយតបរបស់អាស៊ានចំពោះជំងឺកូវីដ-១៩
និងការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ត្រូវបានពិភាក្សាផងដែរពីការគាំទ្រ និងការប្តេជ្ញាចិត្តសម្រាប់គំនិតផ្តួចផ្ដើមនានា ដែលនេះបង្ហាញនូវ «ភាពស្អិតរមួត និងការឆ្លើយតប» របស់អាស៊ាន នៅចំពោះភាពច្របូកច្របល់បច្ចុប្បន្ន ដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច ក៏ដូចជា អាកាសធាតុពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ។

ចំពោះបញ្ហារដ្ឋរ៉ាខាញ រដ្ឋមន្ត្រីទាំងអស់បានរំឮកជាថ្មីនូវសារៈសំខាន់នៃការពង្រឹងតួនាទីរបស់អាស៊ាន ក្នុងការគាំទ្រមីយ៉ាន់ម៉ា តាមរយៈជំនួយមនុស្សធម៌ ជាពិសេសតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងលេខាធិការដ្ឋានអាស៊ាន ក៏ដូចជា ការជំរុញមីយ៉ាន់ម៉ា ឱ្យបន្តកិច្ចចរចាជាមួយបង់ក្លាដែស នៅក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍ ដើម្បីធានាការតាំងទីលំនៅថ្មី ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅរដ្ឋរ៉ាខាញ។ កិច្ចប្រជុំក៏បានកត់សំគាល់ពីតួនាទីសកម្មរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការលើកកម្ពស់តួនាទីរបស់អាស៊ាន ក្នុងការគាំទ្រមីយ៉ាន់ម៉ា។

បញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីទាំងអស់ បានបញ្ជាក់នូវសារៈសំខាន់នៃការធានា និងលើកកម្ពស់សមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព និងបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការធ្វើការជាមួយចិន ដើម្បីឆ្ពោះទៅរកការបញ្ចប់ក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាព តាមរយៈវិធានការជាជំហានៗ (step-by-step approach)។

* កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២២៖

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការមេរបស់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី ក្នុងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។ ទោះបីជាមានបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំក៏ដោយ កិច្ចប្រជុំបានកោតសរសើរពីសន្ទុះ នៃកិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានទទួលស្គាល់អំពីសារៈសំខាន់នៃការអនុវត្តសកម្មភាពក្នុងតំបន់នានា ដើម្បីដោះស្រាយសន្តិសុខ និងបញ្ហាឆ្លងដែន ដែលជាការរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ាន។ រដ្ឋមន្ត្រីទាំងអស់បានទទួលយករបាយការណ៍ នៃការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃផែនការមេរបស់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥។

កិច្ចប្រជុំក៏បានឯកភាពលើភាពចាំបាច់ ដើម្បីបន្តអនុវត្តសកម្មភាពនានា ដែលអាចលើកកម្ពស់ទំនុកចិត្ត និងការទុកចិត្តលើកិច្ច សហប្រតិបត្តិការតាមសមុទ្រ ដូចជាក្នុងទម្រង់សិក្ខាសាលាស្តីពីកម្ទេចកម្ចីនៅសមុទ្រ ហើយសិក្ខាសាលាដែលទើបនឹងប្រព្រឹត្តទៅថ្មីៗនេះ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាភាពត្រឹមត្រូវ និងមនុស្សធម៌ដល់អ្នកនេសាទនៅសមុទ្រចិនខាងត្បូង។

នៅក្នុងឱកាសនេះផងដែរ លោកស្រី អ៊ាត សោភា ក៏បានលើកអំពីសារៈសំខាន់នៃតួនាទីរបស់មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) ក្នុងទិដ្ឋភាពសន្តិសុខ និងមនុស្សធម៌ក្នុងតំបន់។ ក្នុងនាមជាម្ចាស់ផ្ទះរបស់មជ្ឈមណ្ឌល លោកស្រីបានជម្រាបអង្គប្រជុំអំពីផែនការរបស់កម្ពុជាក្នុងការរៀបចំការប្រមូលផ្តុំមិត្តរបស់ ARMAC ដើម្បីលើកស្ទួយមជ្ឈមណ្ឌល និងជំរុញការគាំទ្របន្ថែមដល់មជ្ឈមណ្ឌលក្នុងបេសកកម្មរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពមនុស្សធម៌ នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ក្នុងតំបន់ និងក្រៅតំបន់។

* កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៨៖

កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីត្រៀម សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានរួមមានការពិនិត្យឡើងវិញនូវការអនុវត្តធម្មនុញ្ញអាស៊ាន ការពិនិត្យពាក់កណ្តាលអាណត្តិ នៃផែនការលម្អិតនៃសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការវិវឌ្ឍនៃចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក៏ដូចជាគំនិតផ្តួចផ្តើមស្តីពី ការឆ្លើយតបអាស៊ាន សម្រាប់ជំងឺកូវី-១៩។

រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានឯកភាពលើសារៈសំខាន់ក្នុងការលើកកម្ពស់ការស្គាល់ និងការយល់ដឹងអំពីអាស៊ាន តាមរយៈការបង្ហាញទង់ជាតិ និងភ្លេងរបស់អាស៊ាន នៅតាមស្ថាប័នរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន និងព្រឹត្តិការណ៍នានារបស់អាស៊ាន។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) របស់សាធារណរដ្ឋគុយបា សាធារណរដ្ឋអាហ្វ្រិកខាងត្បូង និងសាធារណរដ្ឋកូឡុំប៊ី ហើយពិធីចុះហត្ថលេខាតាមប្រព័ន្ធវីដេអូនៃលិខិតូបករណ៍នៃការបំពេញបន្ថែម និងលិខិតូបករណ៍នៃការចូលជាភាគីនៃ TAC ក៏ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនេះផងដែរ។

ការចូលរួមនេះបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង នៃបណ្តាប្រទេសនៅក្រៅតំបន់ ដើម្បីចូលរួមជាមួយអាស៊ាន
ដោយផ្អែកលើមូលដ្ឋាននៃការគោរព និងអនុលោមតាមគោលបំណង និងគោលការណ៍របស់ TAC៕