(ព្រះវិហារ)៖ ផ្លូវនៅតាមក្រវ៉ាត់ព្រំដែន កម្ពុជា-ឡាវ-ថៃ ព្រមទាំងផ្លូវជាច្រើនខ្សែទៀត នៅក្នុងខេត្តព្រះវិហារ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀវកន្លងមកនេះ ត្រូវបានជួសជុលរួចរាល់ និងស្តារឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ ក៏ដូចជា ការដឹកជញ្ជូនកសិផល របស់ពួកគាត់មកទីផ្សារជាដើម។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួង, ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារ និងជួសជុលឡើងវិញផ្លូវ ស្ពាន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។

លោក សំ លាងទ្រី បានបន្តថា៖ «ក្រោយជំនន់ទឹកភ្លៀងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការស្តារ និងជួសជុលឡើងវិញផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ ប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ ពីស្រុកឆែប ទៅស្រុកជ័យសែន និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែរទៀត មានប្រវែង ១៣គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦២ ពីភូមិភ្នំដែក ឃុំរម្មណីយ៍ ទៅភូមិស្វាយដំណាក់»

ប្រធានមន្ទីរសាធារណការខេត្តរូបនេះ បានគូសបញ្ជាក់ថា ដោយឡែកនៅថ្ងៃម្សិលមិញ ក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែង ៨៧.៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ ជាប់រំដែនកម្ពុជា-ឡាវ ឆ្ពោះទៅកាន់បន្ទាយស្រម៉ោច នៃស្រុកជាំក្សាន្ត (ព្រំដែនកម្ពុជា-ថៃ) និងផ្លូវខេត្ត 2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុង ទៅកាន់របុញ នៃស្រុកជាំក្សាន្ត ក៏ត្រូវបានជួសជុលរួចរាល់ហើយដែរ។

លោកសំ លាងទ្រី បានបញ្ជាក់ថា សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង គឺត្រូវបានស្តារ និងជួសជុលឡើងវិញ ដែលរហូតមកដល់ថ្ងៃនេះ សម្រេចបានលទ្ធផលស្ទើ១០០% ទៅហើយ។ បច្ចុប្បន្ននេះ ក្រុងការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅតាមក្រុង ស្រុកនីមួយៗ កំពុងយកចិត្តទុកដាក់ជួសជុល និងលុបសំបុកមាន់ ក៏ដូចជាការកាត់ស្មៅតាមដងផ្លូវផងដែរ។

លោកក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹកលើសទម្ងន់ និងត្រូវយកចំណីផ្លូវធ្វើអាជីវកម្មជាដាច់ខាត៕