(ស្ទឹងត្រែង)៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ជាអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងករណីលួចដឹកជញ្ជូនឈើប្រណិបខុសច្បាប់ ជាមួយរថយន្តកាមរី ១គ្រឿង ដែលធ្វើដំណើរចេញពីស្រុកកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះមកខេត្តក្រចេះ។

មន្រ្តីកងរាជអាវុធហត្ថដែលចុះបង្ក្រាបក្នុងប្រតិបត្តិការនេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់បាន នាម៉ោងជាង ២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរព្រះ ស្រុកសំបូរ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឱ្យដឹងថា «នៅមុនពេលបង្ក្រាបបាន កម្លាំងសមត្ថកិច្ចបានប្រដេញចាប់រថយន្តនេះ ពេលធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រញូង ចេញពីស្រុកសៀមប៉ាង។ លុះមកដល់ស្នាក់ការ សន្តិសុខអាវុធហត្ថដុងក្រឡ កម្លាំងអាវុធហត្ថ បានប្រដេញរថយន្តនេះ រហូតចូលមកដល់ទឹកដីខេត្តក្រចេះ ហើយចាប់បានទាំងរថយន្ត និងអ្នកបើកបរនៅមុខវត្តអូរព្រះ នៃមូលដ្ឋានខាងលើ»

សេចក្តីរាយការណ៍ បានបន្តថា រថយន្តដឹកឈើគ្រញូង ដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាននៅក្នុងពេលនោះជាប្រភេទរថយន្តកាមរីឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2025។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយករបស់អង្គភាពសារព័ត៌មានមួយក្នុងស្រុក ដែលឈរជើងយកព័ត៌មាននៅក្នុងខេត្តក្រចេះ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ រួមជាមួយរថយន្តដឹកឈើគ្រូញូង ត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។ ដោយឡែក ឈើគ្រញូងនៅក្នុងរថយន្តនោះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ចំពោះវត្ថុតាងបទល្មើស ត្រូវបានប្រគល់ទៅឱ្យមន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕