(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២១ បានផ្តោតកិច្ចពិភាក្សាលើ ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ, ការស្វែងរកដំណោះស្រាយចំពោះវិបត្តិក្នុងតំបន់ សំដៅចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងស្តារឡើងវិញនៃស្ថានភាពសង្គម-សេដ្ឋកិច្ចនៃតំបន់ទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។

កិច្ចប្រជុំកំពូល «អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២១»នេះ ធ្វើឡើងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណា ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូលនេះ តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញឱ្យប្រកបជោគជ័យនូវ «សេចក្តីប្រកាសទស្សនវិស័យរួម របស់ថ្នាក់ដឹកនាំសម្រាប់សន្តិភាព, វិបុលភាព និងភាពជាដៃគូ» ដែលនឹងដើរតួយ៉ាងសំខាន់ ក្នុងការជំរុញបន្ថែមនូវសាមគ្គីភាពនៅក្នុងតំបន់ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ និងថ្លែងអំណរគុណ ចំពោះជំនួយនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩ និងជំនួយដទៃទៀត ដូចជាជំនួយផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រីកមូលនិធិសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េជាដើម។

ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក៏បានគាំទ្រចំពោះសាធារណរដ្ឋកូរ៉េ ដែលបានជំរុញ និងលើកកម្ពស់ «គោលនយោបាយភាគខាងត្បូងថ្មី» ទៅជា «គោលនយោបាយភាគខាងត្បូងថ្មីបូក»។ លើសពីនេះ, អង្គប្រជុំបានឯកភាព ក្នុងការពង្រឹងរំហូរសេរីនៃពាណិជ្ជកម្ម និងវិនិយោគ រវាងតំបន់ទាំងពីរ សំដៅធានាដល់ចីរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដែលជាកត្តាដ៏សំខាន់ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច នៅក្នុងបរិបទនៃការងើបឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

អង្គប្រជុំ ក៏បានស្វាគមន៍យ៉ាងរីករាយដល់ដំណើរឆ្ពោះទៅរកការបញ្ចប់ការចចារ “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)” ដែលគ្រោងនឹងចុះហត្ថលេខា នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ខាងមុខនេះ។ «RCEP» នេះ នឹងក្លាយជា ចលករដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ នាអំឡុងពេលដ៏លំបាកនេះ និងនាពេលអនាគត។

ជាលទ្ធផលកិច្ចប្រជុំកំពូល «អាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២១», ឈរលើស្មារតីសាមគ្គីភាព និង សហប្រតិបត្តិការខ្ពស់រវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ, ថ្នាក់ដឹកនាំទាំងអស់ បានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ។

ជាមួយគ្នានេះ, លោកប្រធានាធិបតី មូន ចេអ៊ីន នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាអនុម័ត៖

* ទី១៖ «គោលនយោបាយភាគខាងត្បូងថ្មី» ក្នុងគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងប្រជាជន និងប្រជាជននៃតំបន់ទាំងពីរ
* ទី២៖ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
* ទី៣៖ បង្កើតមូលនិធិសហប្រតិបត្តិការតាមផ្លូវទឹក (Maritime Cooperation Fund)
* ទី៤៖ ពង្រឹងបន្ថែមទៀតនូវស្មារតីពាណិជ្ជកម្មសេរី តាមរយៈយន្តការថ្មី និងមានស្រាប់ ដូចជា «RCEP» និង«តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA)» ជាដើម៕