(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានពន្យល់អំពីមូលហេតុ ដែលនាំឲ្យតម្លៃស្រូវនៅក្នុងស្រុកមានការធ្លាក់ចុះ ដែលជាកង្វល់របស់ប្រជាកសិករ ខណៈក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធ កំពុងធ្វើការរួមគ្នាលើបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយជូនកសិករ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា ការធ្លាក់ចុះតម្លៃស្រូវ គឺបណ្ដាលមកពីកត្តាច្រើនយ៉ាង។ លោកថា កត្តាផ្គត់ផ្គង់ និងកត្ដាតម្រូវការ, កត្តាទីផ្សារ, កត្តាអាកាសធាតុ និងកត្តាគុណភាព ទើបបណ្ដាលឲ្យតម្លៃស្រូវមានការប្រែប្រួល។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតបនឹងស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» លោក ងិន ឆាយ បានលើកឡើងថា ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវប្រមូលផលស្រូវ គឺតម្លៃតែងតែមានការធ្លាក់ចុះ ព្រោះការផ្គត់ផ្គង់មានច្រើន ហើយការប្រមូលទិញមិនអស់ ឬការកែច្នៃសម្រាប់ការនាំចេញមិនអស់លទ្ធភាព។

ដោយឡែក កត្តាអាកាសធាតុវិញ ក៏បណ្ដាលឲ្យគុណភាពស្រូវមានការធ្លាក់ចុះ ហើយបើកាលណាគុណភាពស្រូវធ្លាក់ចុះដូចគ្នាដែរ។ ចំណុចនេះ លោកអះអាងថា ស្រូវដែលធ្លាក់ថ្លៃជាងគេ គឺស្រូវផ្ការំដួល ព្រោះស្រូវប្រភេទនេះរងគ្រោះដោយទឹកជំនន់ច្រើន។

ទន្ទឹមនឹងអ្វីដែលជា ប្រឈមទាំងអស់នេះ លោក ងិន ឆាយ បានអះអាងថា ក្រសួងកសិកម្ម នឹងព្យាយាមសម្របសម្រួល ជាពិសេសក្រសួងត្រូវធ្វើការជាមួយសហព័ន្ធស្រូវអង្ករ និងក្រសួងពាណិជ្ជកម្ម។ លោកបញ្ជាក់ថា មន្ដ្រីជំនាញ បានសម្របសម្រួលជាមួយអ្នកដែលប្រមូលទិញ សូមព្យាយាមជួយទិញកសិករឲ្យបានច្រើន ហើយកុំទម្លាក់ថ្លៃខ្លាំងពេក ទោះបីស្រូវរបស់គាត់មានគុណភាពដោយសារកត្តាអាកាសធាតុបន្ដិចបន្ទួចក៏ដោយ។

មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានសង្កត់ធ្ងន់ថា កាលៈទេសៈនេះមិនថាតែរាជរដ្ឋាភិបាល ឬប្រជាពលរដ្ឋនោះទេ គឺសុទ្ធតែជួបការលំបាកទាំងអស់គ្នា ហើយបញ្ហាទាំងអស់នេះមិនអាចនរណាម្នាក់ទៅរាំងស្ទះបានទេ ព្រោះជាកត្តាអាកាសធាតុ។ លោកបន្ថែមទៀតថា ក្រសួងកសិកម្ម នឹងបន្ដចុះតាមមូលដ្ឋាន និងជំរុញឲ្យកសិកម្ម ពិភាក្សាជាមួយសហគមន៍កសិកម្មផងដែរ ដើម្បីជួយប្រមូលទិញស្រូវរបស់កសិករ៕