(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងកិច្ចអន្តរាគមន៍ស្តារ ការដាំដុះដំណាំស្រូវស្តារឡើងវិញ បន្ទាប់ពីទឹកជំនន់ ឆ្នាំ២០២០ បានផ្តល់គ្រាប់ពូជស្រូវចំនួន៦,៥៧៨តោន ចែកជូនប្រជាជនប្រមាណ ៦៥,៧៨០គ្រួសារ ដើម្បីអន្តរាគមន៍ក្នុងឆ្នាំ២០២០។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «កិច្ចអន្ដរាគមន៍ឆ្លើយតបនឹងស្ដារឡើងវិញ បន្ទាប់ពីគ្រោះមហន្ដរាយទឹកជំនន់ ក្នុងផលិតកម្មកសិកម្ម» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ងិន ឆាយ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ផ្ទៃដីដំណាំស្រូវដែលបានដាំដុះស្តារឡើងវិញ មានចំនួន២០,៥៨៥ហិកតា។

បើតាមលោក ងិន ឆាយ ប្រជាកសិកររស់នៅខេត្តចំនួន១៩ហើយ ដែលទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល រួមមាន៖ ខេត្តពោធិ៍សាត់, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប, កំពង់ធំ, កំពង់ចាម, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, កណ្តាល, តាកែវ, កំពត, កំពង់ស្ពឺ, រាជធានីភ្នំពេញ, កំពង់ឆ្នាំង, ព្រះវិហារ, ស្ទឹងត្រែង និងខេត្តប៉ៃលិន។

មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្ដទៀតថា ក្រៅពីពូជស្រូវ រាជរដ្ឋាភិបាលក៏បានផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ សម្រាប់អន្តរាគមន៍ផងដែរ ដែលគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបអស់ចំនួន៣២,៣៧៦គីឡូក្រាម ដល់កសិករចំនួន ៩៧,៩៦៦គ្រួសារ ដែលគ្រួសារនីមួយៗ ទទួលបាន៤ទៅ៦មុខដំណាំ។

ចំពោះដំណាំបន្លែ និងដំណាំរួមផ្សំ ដែលចែកជូនប្រជាជន មានចំនួន១១មុខ រួមមាន៖ គ្រាប់ប៉េងប៉ោះ ត្រប់វែង ត្រប់ក្រាំងរមាស សណ្តែកកួរ ពោតដំណើប ស្ពៃខៀវ ត្រឡាច ល្ពៅ ស្ពៃចង្កឹះ ត្រកួន ម្រះ និងត្រសក់។

ជាមួយគ្នានេះ លោក ងិន ឆាយ ក៏បានបង្ហាញពីតួលេខ ផ្ទៃដីបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ឆ្នាំ២០២០ផងដែរ ដោយអនុវត្តបានសរុប ចំនួន២,៧៩០,៨២៩ហិកតា ស្មើនឹង១០៧,៨៣% នៃផែនការដាំដុះចំនួន ២,៥៨៨,១៣០ហិកតា។

ក្នុងនោះស្រូវស្រាលដើមរដូវវស្សា មានចំនួន ៨៩៣,៧៩២ហិកតា ស្រូវកណ្តាលមានចំនួន១,៣៩៤,៧៧៩ហិកតា ស្រូវធ្ងន់មានចំនួន ៤៤៨,១៣៧ហិកតា ស្រូវចម្ការមានចំនួន ២០,៦៧៣ហិកតា និងស្រូវឡើងទឹកមានចំនួន ៣៣,៤៤៨ហិកតា។

លើសពីនោះទៀត លោក ងិន ឆាយ បានបញ្ជាក់ថា ផ្ទៃដីដំណាំស្រូវរដូវវស្សា ដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតចំនួន១៣៥,៤៣៣ហិកតា ក្នុងនោះ ខូចខាតអស់ចំនួន១៤,១៧២ហិកតា និងបានស្តាឡើងវិញ បានចំនួន ៦,៦៥១ហិកតា។ ដោយឡែក ចំពោះស្រូវរដូវវស្សា ទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ចំនួន៣០៤,៨២១ហិកតា ក្នុងនោះ ខូចខាតអស់ចំនួន១២៥,៧៧០ហិកតា និងបានស្តារឡើងវិញចំនួន ១៩,៩៩៣ហិកតា។

ចំពោះផ្ទៃដីដាំដុះ ដំណាំសាកវប្បកម្មអនុវត្តបាន សរុបចំនួន ៧៣,២៦៦ហិកតា រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់សរុបចំនួន១០,០០១ហិកតា ក្នុងនោះខូចខាតចំនួន ២,៣១០ហិកតា និងបានស្តារឡើងវិញ ចំនួន៨៤ហិកតា។

សម្រាប់ផ្ទៃដីដាំដុះដំណាំឧស្សាហកម្មវិញ អនុវត្តបាន៨១៩,៤៦៥ហិកតា រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត១១,៧៥១ហិកតា ក្នុងនោះខូចខាតអស់៤,០៧៤ ហិកតា បានស្តារការដាំដុះ បាន៤,០៧៤ហិកតា និងរងផលប៉ះពាល់ដោយទឹកជំនន់ ៨៧,២១២ហិកតា ក្នុងនោះខូចខាតអស់៥៩,០០៥ហិកតា៕