(កណ្ដាល)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រអគ្គិសនីបានសាងសង់សម្រេច៩៥% ហើយ និងត្រៀមបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ខាងមុខនេះ។ លោករដ្ឋមន្រ្តីរំពឹងថា ក្រោយសាងសង់រួច កម្ពុជានឹងមិនខ្វះអគ្គិសនីប្រើប្រាស់នៅខែប្រាំងទៀតនោះទេ ព្រមទាំងនៅសល់ថាមពលសម្រាប់ស្តុកទុកត្រៀមបំរុងថែមទៀតផង។

ការឱ្យដឹងបែបនេះរបស់លោក ស៊ុយ សែម បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញទស្សនកិច្ចសិក្សា និងពិនិត្យវឌ្ឍនភាពការងារ ការសាងសង់រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងកងកម្លាំងទាំងបីប្រភេទ មន្ត្រីជំនាញមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។

ជាមួយនឹងសមិទ្ធផលនេះដែរ លោករដ្ឋមន្ត្រី ស៊ុយ សែម បានបន្តថា នេះគឺជាស្នាដៃដ៏ធំធេងរប់សប្រមុខដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលខំប្រឹងធ្វើយ៉ាងមិនឱ្យកម្ពុជា ខ្វះខាតអគ្គិសនីប្រើប្រាស់ ជាពិសេសមិនធ្វើឱ្យប្រជាពលរដ្ឋខ្វះអគ្គិសនីប្រើប្រាស់នោះទេ។

លោក ស៊ុយ សែម បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រោងចក្រអគ្គិសនីបានសាងសង់សម្រេចបាន ៩៥%ហើយ និងត្រៀមបញ្ចប់នៅពាក់កណ្ដាលខែធ្នូខាងនេះ ដោយថាមពលនេះ មានអនុភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់។ កម្ពុជាយើងមានថាមពលអគ្គិសនីជាង ៣,៦០០មេហ្គាវ៉ាត់ តែយើងប្រើប្រាស់បច្ចុប្បន្នអស់តែប្រមាណជាង ១,៧០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះយើងនៅសល់ថាមពលអគ្គិសនី ជាងពាក់កណ្ដាលសម្រាប់ត្រៀមទុក»

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ចាប់តាំងពីកូវីដ-១៩ បានវាយលុកចូលក្នុងប្រទេសកម្ពុជា មានការថយចុះការប្រើប្រាស់ថាមពលអគ្គិសនី ដោយតែសង្វាក់ផលិតកម្ម នានាត្រូវបានផ្អាក ឬត្រូវកាត់បន្ថយជាដើម ដែលនាំឱ្យអគ្គិសនៅសល់ច្រើន ហើយថាអគ្គិសនីកម្ពុជានឹងខាតបើសិនជាកង្វះខាតការប្រើប្រាស់ ខណៈដែលអគ្គិសនីកម្ពុជា មានប្រភពអគ្គិសនីច្រើន ហើយនឹងត្រូវប្រើប្រាស់ថាមពលអគ្គិសនីមួយណាដែលមានតម្លៃថោកជាងគេជាមុនសិន ដើម្បីសន្សុំសំចៃ។

គួរជម្រាបថា តាមផែនការរបស់អគ្គិសនីកម្ពុជា ក្នុងការផ្គត់ផ្គង់ឱ្យដល់គ្រប់ភូមិទូទាំងប្រទេសកម្ពុជា ខណៈតាមផែនការសម្រេចបាន ៩៨%ហើយ នៅសល់តែ ២៣៥ភូមិប៉ុណ្ណោះ ក្នុងនោះភូមិខ្លះអគ្គិសនីកម្ពុជា មិនអាចតខ្សែរភ្លើងដល់ឡើយ គឺមានតែប្រើប្រាស់ថាមពលភ្លើងសឡាសម្រាប់ផ្គង់ផ្គង់អ្នកភូមិទាំងនោះ៕