(ភ្នំពេញ)៖ គ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការរៀបចំពិធីបុណ្យណូអែល ជូនចំពោះ ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ គ្រប់គណៈនិកាយ។ នេះបើតាមសេចក្ដីណែនាំ របស់គ្រីស្ទបរិស័ទកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

គ្រីស្ទបរិស័ទកម្ពុជា បានឲ្យដឹងថា ដោយមានការអនុញ្ញាតឲ្យមានការជួបជុំ បើកការថ្វាយបង្គំរបស់គ្រីស្ទបរិស័ទឡើងវិញ ក្នុងទូទាំងប្រទេសក៏ពិតមែន តែក្នុងស្ថានភាព សព្វថ្ងៃនេះ ជំងឺកូវីដ១៩ នៅតែកំពុងរាតត្បាតជាសកលនៅឡើយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សូមអំពាវនាវដល់ព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្ទបរិស័ទគ្រប់គណៈនិកាយ ចូលរួមអនុវត្ត ការពារនិងទប់ស្កាត់ឲ្យបានខ្ជាប់ខ្លួនតាមវិធាន របស់ក្រសួងសុខាភិបាល និងសូមធ្វើសេចក្តីណែនាំ ក្នុងឱកាសប្រារព្ធពិធីបុណ្យណូអែល (គ្រីស្មាស់) ដូចខាងក្រោម ៖

* ទី១៖ ពាក់ម៉ាស វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងសូមរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១.៥ ម៉ែត្រពីគ្នា
* ទី២៖ ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃសំពះ និងនិយាយស្វាគមន៍បែបគ្រីស្ទបរិស័ទវិញ និងហាមអ្នកដែលមានជំងឺផ្សេងៗចូលរួមក្នុងពិធី
* ទី៣៖ ការជួបជុំប្រារព្ធពិធី ត្រូវមានចំនួនកំណត់ ឲ្យសមាមាត្រទៅនឹងទីតាំងទីធ្លា។ ចំពោះព្រះវិហារ ព្រះសហគមន៍ ឬក្រុមជំនុំ ដែលមានសមាជិកច្រើន ត្រូវចែកជាវេន ឬបន្ថែមថ្ងៃប្រារព្ធពិធី ឬសមាជិកគ្រីស្ទបរិស័ទ អាចធ្វើនៅតាមផ្ទះ តាមក្រុមគ្រួសាររៀងៗខ្លួន ដោយជួបជុំគ្នាតិច ដែលអាចធ្វើទៅបាន
* ទី៤៖ មិនអនុញ្ញាតឲ្យមានការប្រារព្ធពិធី នៅតាមទីសាធារណៈ ឬរួមគ្នាជាទ្រង់ទ្រាយធំៗឡើយ
* ទី៥៖ មិនត្រូវធ្វើរួមគ្នារវាងពិធីណូអែលសម្រាប់កុមារ និងណូអែលសម្រាប់មនុស្សពេញវ័យឡើយ
* ទី៦៖ កាត់បន្ថយកម្មវិធីឲ្យខ្លីសមស្រប និងត្រូវរក្សាសណ្តាប់ធ្នាប់ក្នុងពិធី
* ទី៧៖ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យស្អាតជានិច្ច សុវត្ថិភាពចំណីអាហារ និងគម្លាតនៃការប្រកបញ៉ាំអាហារ។

ទទួលបានសេចក្តីណែនាំនេះ សូមព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្ទបរិស័ទគ្រប់គណៈនិកាយ មេត្តាជ្រាប និងអនុវត្តឲ្យបានហ្មត់ចត់បំផុត។ ក្នុងករណីដែលមានបញ្ហា ទាក់ទងនឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលជិតបំផុត៕