(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាំអំណោយមនុស្សធម៌របស់សប្បុរសជន និងអំណោយរបស់សមាគមនិស្សិតបញ្ញាវ័ន្តក្មេងវត្តសាខាខេត្តព្រះវិហារ យកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ នៅឃុំចំនួន៦ ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាត ចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះផ្សេងៗ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺធានាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ ពេញផ្ទៃប្រទេស បង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតដោយសេរីស្របទៅតាមច្បាប់។ ប៉ុន្តែអ្វីដែលពិសេសជាងនេះ គឺរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធាន គឺតែងតែនៅរួមសុខរួមទុក្ខ នៅកៀកនៅក្បែរ និងប្រជាពលរដ្ឋគ្រប់ពេលវេលា»

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបន្តទៀតថា រយៈពេលជិតមួយឆ្នាំមកនេះ ស្របពេលដែលពិភពលោកជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ ដែលធ្វើឲ្យមនុស្សឆ្លងនិងស្លាប់ជាបន្តបន្ទាប់នៅបណ្តាលប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតនោះ។ សម្រាប់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺអាចទប់ស្កាត់បាននូវប្រភេទជំងឺនេះដោយជោគជ័យ ដោយមិនមានការស្លាប់ និងឆ្លងចូលសហគមឡើយ ជាក់ស្តែងដូចជាករណីព្រឹត្តិការណ៍៣វិច្ឆិកា គឺធ្វើការទប់ស្កាត់បានជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណា លោកទេសរដ្ឋមន្ត្រីអំពាវនាវ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវបន្តអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕