(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំចាប់លេខឆ្នោតក្បាលដីឡូតិ៍ ដើម្បីបញ្ចប់ផលប៉ះពាល់ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍស្ករអំពៅ ដែលមានទំនាស់រ៉ាំរ៉ៃរាប់ឆ្នាំមកហើយ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានដោះស្រាយបញ្ចប់ជាស្ថាបពរ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ពិធីចាប់លេខឆ្នោតក្បាលដីឡូតិ៍នេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត, លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល រួមទាំងមន្ត្រីគ្រប់ស្ថាប័នដែលពាក់ព័ន្ធមេភូមិ មេឃុំ រួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

លោក សុខ សុទ្ធី បានថ្លែងថា ថ្ងៃនេះដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអន្តរក្រសួងជាសំណងរបស់រាជរដ្ឋាភិបាលសងប្រជាពលរដ្ឋដែលមានផលប៉ះពាល់នោះ អាជ្ញាធរខេត្ត បានរៀបចំចាប់លេខឆ្នោតក្បាលដីឡូតិ៍ ជូនប្រជាពលរដ្ឋដែលមានទំនាស់បញ្ហាដីធ្លីជាមួយគម្រោងអភិវឌ្ឍចំការស្ករអំពៅ ដើម្បីដោះស្រាយបញ្ចប់នៃការទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ។

លោក សុខ សុទ្ធី បានបន្តថា ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយនឹងក្រុមហ៊ុនចំការអំពៅ ដែលត្រូវបានបញ្ចប់នេះ គឺក្រុមទី៣ លេខ៥៨៥ ស្ថិតនៅចំណុច (C) ចំនួន៦៨គ្រួសារ ចំនួនក្បាលដីដែលត្រូវចាប់លេខឆ្នោតក្បាលដីឡូតិ៍នោះចំនួន ៦៨ឡូតិ៍ មានទំហ៊ុចំនួន ២ហិកតា ហើយដីត្រូវបែងចែកបែងចែកជូនគាត់ ដើម្បីបញ្ចប់ទំនាស់ ក្នុងនោះក៏មានហេដ្ឋរចនាផ្លូវផងដែរ។ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចំការអំពៅ រាជរដ្ឋាភិបាលបានសងជាសំណងអស់ហើយមាននៅត្រង់ចំណុច (A.B) ត្រូវដោះស្រាយបញ្ចប់ចំណុច (C) នេះជាស្ថាពរ និងសន្តិភាព។

លោកបានបញ្ជាក់ថា បើកាលយើងធ្វើការចាប់លេខឆ្នោតក្បាលដីឡូតិ៍អស់រដ្ឋបាលខេត្ត នៅតែរងចាំប្រគល់បណ្ណកម្មសិទ្ធិដែលចេញពីអន្តរក្រសួងជូនគាត់ ដើម្បីគាត់មានសិទ្ធិគ្រប់គ្រង និងបង្កើតកសិកម្ម ផលដំណាំចិញ្ជឹមគ្រួសារ។

ជាមួយគ្នានេះដែរ អភិបាលរងខេត្តរូបនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលទទួលបណ្ណកម្មសិទ្ធិដីធ្លីកាន់កាប់ដោយស្របច្បាប់ហើយសូមមេត្តាកុំលក់ដូចឱ្យសោះ ព្រមទាំងសូមកុំកាប់ទន្រ្ទានដីព្រៃផ្សេងៗទៀត ដែលអាចនាំឱ្យមានបញ្ហាដល់ខ្លួន ក្នុងបទល្មើសខុសច្បាប់ ជាហេតុធ្វើឱ្យមមានទោសទាន់នាំឱ្យមានវិប្បដិសារី។

ពាក់ព័ន្ធនឹងចំណុចនេះដែរ ប្រជាពលរដ្ឋដែលបានទទួលសំណងពីរាជរដ្ឋាភិបាល ក្រោយពីចាប់លេខឆ្នោតក្បាលដីឡូតិ៍ ជាសម្គាល់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលខិតខំស្វែងរកដំណោះស្រាយឈ្នះ ឈ្នះ ជូនដល់ពួកគាត់ រហូតទទួលបានបណ្ណកម្មសិទ្ធិជូនពួកគាត់ឱ្យបានប្រើប្រាស់ដោយស្របច្បាប់ ជាដើម៕