(ភ្នំពេញ)៖ ដើម្បីពន្លឿនការបូមទឹកឱ្យបានលឿន បញ្ចៀសការលិចលង់ដោយជំនន់ទឹកទឹកភ្លៀងនៅឆ្នាំក្រោយៗនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មានផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីទំហំ១ម៉ែត្រកន្លះ ១គ្រឿង និងទំហំ១ម៉ែត្រ២តឹក ចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹកឱ្យកាន់តែធំ និងជីកបុកស៊ីផាយ អមសងខាងប្រឡាយ នៅស្ថានីយបូមទឹកបឹងទំពុន។

ការសម្រេចលើកផែនការបំពាក់ម៉ាស៊ីបូមទឹកថ្មី រួមទាំងការស្តារប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការអភិវឌ្ឍស្ថានីយបូមបឹងទំពុន នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីលោក ឃួង ស្រេង។

លោកអភិបាលរាជធានី បានបន្តថា បន្ទាប់ពីឆ្នាំនេះស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំង រួមទាំងសមត្ថភាពបូមទឹកនៅមានកម្រិត បានធ្វើឱ្យតំបន់មួយចំនួនរងការជន់លិចដោយសារជំននទឹកភ្លៀង ដែលបង្កការរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ស្ថានីយបូមទឹកបឹងទំពុននេះ បានទទួលទឹកពីផ្ទៃរងទឹកភ្លៀងជាច្រើន ដូចជា ហូរពីបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀត នៃខណ្ឌពោធិ៍សែនជ័យ ដូច្នេះទាមទារឱ្យមានការអភិវឌ្ឍឡើងវិញ ដើម្បីមានសមត្ថភាពរំដោះទឹកបានលឿន»។

លោកបានបញ្ជាក់ថា «អាជ្ញាធរនឹងចាប់ផ្តើមអភិវឌ្ឍន៍ស្ថានីយបូមទឹកនេះ ចាប់ពីដើមរដូវប្រាំងឆ្នាំ២០២១នេះតទៅ ដើម្បីធ្វើយ៉ាងណាកុំមានការជន់លិចនៅឆ្នាំ២០២១ ខាងមុខតទៀត»

លោកអភិបាលរាជធានី បញ្ជាក់ថា ថ្ងៃនេះដែលរដ្ឋបាលរាជធានី រៀបចំប្រជុំដើម្បីធ្វើកិច្ចការងារបន្ថែមទៀតរួមមាន៖

*ទី១៖ ត្រូវសិក្សាបន្ថែមពីស្ថានីយបូម
*ទី២៖ ត្រូវរៀបចំបុកស៊ីផាយ ស្តារអាងស្តុកទឹកឡើងវិញ។ នេះជាចំណុចសំខាន់ធ្វើយ៉ាងណាឱ្យទឹកទៅដល់ ហើយមានទឹកបូមនៅ ស្ថានីយមានសមត្ថភាពបូមទឹកនេះទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យលិច។

ក្នុងនោះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថា ស្ថានភាពម៉ាស៊ីនបូមទឹកបឹងទំពុនបច្ចុប្បន្ន ដំណើរការបាន ៦គ្រឿង ដែល៤គ្រឿងជាម៉ាស៊ីនចាស់អាចបូម បាន១០ម៉ែត្រគូបក្នុងមួយវិនាទី និងម៉ាស៊ីនថ្មីចំនួន២គ្រឿង អាចបូបបានចំនួន៥ ម៉ែត្រគូបក្នុងមួយវិនាទី ដែលសរុបទាំងអស់១៥ម៉ែត្រគូបក្នុងមួយវិនាទី ដូចនេះមិនបំពេញសេចក្តីត្រូវការបានឡើយ។

លោកបានបន្តថា តាមការសិក្សាបានឱ្យដឹងថា ផ្ទៃរងទឹកភ្លៀងដែលហូរទៅស្ថានីយបឹងទំពុនមានទំហំ ៣០៣២ហិកតា ប្រសិនបើទឹកភ្លៀង៣០មីលីម៉ែត្រ ក្នុងមួយម៉ោង នោះចំនួនទឹកភ្លៀង នឹងកើនឡើង ជាង៩សែន៩ពាន់ម៉ែត្រគូប ភ្លៀង៤០មីលីម៉ែត្រ ក្នុងមួយម៉ោង បរិមាណទឹកជាង១លាន២សែន និងប្រសិនបើភ្លៀងខ្លាំង៦០ មីលីម៉ែត្រក្នុងមួយម៉ោងនោះ បរិមាណទឹក ជាង១លាន៨សែន ម៉ែត្រគូប ដូច្នេះបរិមាណនេះមិនទាន់ឆ្លើយតបនឹងម៉ាស៊ីនបូមទឹកនោះទេ។

លោកបានបន្តថា ដើម្បីដោះបញ្ហាទឹកជំនន់ទឹកភ្លៀងនៅតំបន់ស្ថានីបូមទឹកបឹងទំពុននេះ គឺត្រូវអនុវត្តវិធានការចំនួន៦ចំណុច។

ប្រធានមន្ទីរបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីមានវិធានការចំនួន៦ ដើម្បីដោះស្រាយបញ្ហាទឹកនេះរួមមាន៖

*ទី១៖ បង្កើនសមត្ថភាពបូមទឹក ពី១៥ ម៉ែត្រគូប ទៅ២៧ម៉ែត្រគូប
*ទី២៖ ជីកស្តារអាងស្តុកទឹកបឹងតូចទំហំ ១២ហិកតាឱ្យបានជ្រៅ និងបុកស៊ីបផាយការពារ
*ទី៣៖ ជីកស្តារភក់សំរាមឱ្យបានជាប្រចាំ
*ទី៤៖ ជួសជុលស្ពាននៅអមសងសាងប្រឡាយ
*ទី៥៖ បង្កើនសមត្ថភាពបូមទឹកនៅស្ថានីយឡូប្រាំពី៨ម៉ែត្រគូប ទៅ២០ម៉ែត្រគូប
*ទី៦៖ ត្រូវបំពាក់ម៉ាស៊ីនភ្លើងដែលមានកម្លំាង៣ពាន់កាវ៉េហា ដើម្បីការពារនៅពេលដាច់ចរន្តអគ្គិសនី។

សូមបញ្ជាក់ថា តាមផែនការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុននេះ គ្រោងប្រើប្រាស់រយៈពេល៩ខែ ដោយចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ៕