(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងដោយសារតែរថយន្តដឹកដីមួយគ្រឿង បានបើកកិនបុរសម្នាក់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៖៤០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុត សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាជាងកាត់សក់ ស្នាក់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រីឯជនបង្កមានឈ្មោះ ហឿង រ៉ាត់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក QBIX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6599 និងរថយន្តដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ TK-1985 ជិះស្របទិសគ្នា ខណៈដែលជិះមកដល់ត្រង់ចំណុចស្ថានីយ៍បូមទឹកបឹងត្របែក ក៏មានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបានទាក់ដៃចង្កូតគ្នាបណ្ដាលឲ្យដួល ស្រាប់តែពេលនោះ ក៏មានរថយន្តដឹកដីជិះមកពីក្រោយ ហើយកិនបុរសខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ រថយន្តដឹកដីខាងលើ បានបើករត់គេចចេញទីតាំងកើតហេតុ តែត្រូវសមត្ថកិច្ចដេញតាមពីក្រោយរហូតដល់ត្រង់ចំណុចផ្លូវ ៦០ម៉ត្រ ក៏ត្រូវឃាត់បានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានទាក់ទងទៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុ និងនាំយកជនបង្កទៅកាន់ការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ចំណែកឯសាកសពបុរសខាងលើ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕