(ភ្នំពេញ)៖ លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៨ តាមប្រព័ន្ធវីដេអូ Bluejeans Conference ក្រោមប្រធានបទ «ជំរុញការផ្លាស់ប្តូរឆ្ពោះកាន់អាស៊ាន ប្រកបដោយសុវត្ថិភាព ភាពបន្សុំា ការរួមបញ្ចូលគ្នា និងភាពធន់»។

ក្នុងកិច្ចប្រជុំនោះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះ ក្រសួងការពារជាតិ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដែលប្រទេស ជាសមាជិកអាស៊ានទាំង១០ ក៏ដូចជាសកលលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ទេសរដ្ឋមន្ដ្រី គន់ គីម បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់អាយុជីវិត និងការរងទុក្ខសោក នៃប្រជាជនរងគ្រោះបណ្តាលមកពី ជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ ដែលកើតមាននៅពេលថ្មីៗនេះ នៅក្នុងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជានៅក្នុងប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

ទេសរដ្ឋមន្ដ្រី គន់ គីម បានបន្ថែមថា ការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្រៅពីជំងឺកូវីដ-១៩ កម្ពុជាក៏ទទួលរងគ្រោះដ៏ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង ចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២០ ដែលប៉ះពាល់ទៅលើរាជធានី-ខេត្ត ចំនួន២០។

ឆ្លើយតបទៅគ្រោះមហន្តរាយដែលកើតមាននៅកម្ពុជាកន្លងមកនេះ លោក គន់ គីម បានប្រាប់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយថា កម្ពុជាតែងតែប្រកាន់យកនូវវប្បធម៌ ចែករំលែក ក្នុងស្មារតីជួយគ្នាទៅវិញទៅមកសម្រាប់ការសង្រ្គោះបន្ទាន់ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដែលមានកងកម្លាំងប្រដាប់អាវុធ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ។

ដូចនេះកម្ពុជា បានប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់អាស៊ាន ដោយយកចិត្តទុកដាក់ និងយោងទៅលើ «ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០»។

ក្នុងកិច្ចប្រជុំនេះ បានឯកភាពគាំទ្រចំពោះការអនុម័តលើ កម្មវិធីការងារអាត់ម៊ែ (ADDMER) ឆ្នាំ២០២១-២០២៥ ដែលទទួលបានការព្រមព្រៀងជាមតិរួម ពីកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៣៧ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីការងារអាត់ម៊ែរនេះ គឺជាការជួយដល់ កិច្ចសម្របសម្រួលឲ្យកាន់តែខ្លាំងថែមទៀត ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងរួមចំណែកដល់ការអនុវត្តសេចក្តីថ្លែងការណ៍ អាស៊ានស្តីពី «អាស៊ានមួយ ការឆ្លើយតបមួយ»។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី គន់ គីម សម្តែងការអបអរសាទរ និងគាំទ្រ ចំពោះវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតយន្តការ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកចិន និងអាស៊ានបូកជប៉ុន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន និងបូកជប៉ុន ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយចិន និងជប៉ុនបន្ថែមទៀត និងបានលើកទឹកចិត្តដល់លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយសម្រួលកិច្ចពិគ្រោះយោបល់ ជាមួយសមភាគីដើម្បីឈានឆ្ពោះ ទៅបង្កើតយន្តការនេះបានតាមការគ្រោងទុក។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការគ្រប់គ្រងស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែលថ្មីៗនេះ ដែលការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសសេណេហ្គាល់ បានចាត់ចំណាត់ថ្នាក់កម្ពុជា ជាប្រទេសលេខ៣ ក្នុងចំណោម១៦៦ ប្រទេសក្នុងពិភពលោក និងជាប្រទេសលេខ១ នៅក្នុងទ្វីបអាស៊ី ចំពោះប្រសិទ្ធភាព នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ និងបានសង្កត់ធ្ងន់ថា ភាពជោគជ័យនេះ មិនមែនជាការចៃដន្យនោះទេ គឺជាជោគជ័យដែលកើតឡើងដោយសមត្ថភាព នៃការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា របស់រាជរដ្ឋាភិបាលកម្ពុជា៕