(ភ្នំពេញ)៖ លោកស្រី ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងក្រុមការងារ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកអំណោយថវិកា ២៥,០០០ដុល្លារ ឧបត្ថម្ភដល់ អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដើម្បីជួយទ្រទ្រង់សកម្មភាពក្នុងវិស័យអប់រំ ខណៈអង្គការកំពុងជួបប្រទះបញ្ហាធនធាន និងថវិកាដោយសារការ ផ្ទុះឡើងនៃជំងឺកូវីដ១៩។

អង្គការបង្រៀនដើម្បីកម្ពុជា ជាអង្គការក្នុងស្រុកមួយដែលបានជួយលើកកម្ពស់គុណភាពអប់រំ ដល់សិស្សានុសិស្សកម្ពុជារាប់ម៉ឺននាក់ ជាពិសេសសិស្សានុសិស្សនៅតាម បណ្តាខេត្តដាច់ស្រយាល និងបានចូលរួមចំណែកក្នុងវិស័យអប់រំក្នុងរូបភាពផ្សេងៗជាច្រើទៀតផងដែរ។

ក្នុងឱកាសនោះលោកស្រី ជា សិរី ក៏បានលើកឡើងពីសារសំខាន់នៃការលើកស្ទួយវិស័យអប់រំ និងការជួយឧបត្ថម្ភដល់អង្គការក្នុងស្រុក ដែលធ្វើការក្នុងវិស័យនេះ ជាពិសេសនៅពេលដែលវិស័យនេះកំពុង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ដូចពេលបច្ចុប្បន្ននេះ។

លោកស្រី ជា សិរី បន្តថា វិស័យអប់រំគឺជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងបំផុតពីជំងឺកូវីដ១៩ ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ សិស្សានុសិស្សបានបាត់បង់ ម៉ោង សិក្សាក្នុងសាលាជាច្រើនម៉ោង ដោយសារមិនអាចទៅសាលាបាន ខណៈការសិក្សាពីចម្ងាយនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ ដូច្នេះសកម្មភាព របស់អង្គការ បង្រៀនដើម្បីកម្ពុជា និងគ្រូហ្វេឡូ (Fellow) របស់ខ្លួន ពិតជាមានសារសំខាន់ណាស់ក្នុងការជួយសិស្សានុសិស្សធ្វើស្វ័យសិក្សា និងសិក្សាពីចម្ងាយជាពិសេសសម្រាប់ សិស្សានុសិស្សក្នុងសាលាគោលដៅតាមបណ្តាខេត្តដាច់ស្រយាល ដែលខ្វះខាតធនធាន។

លោក ស៊ីវ មុនីរ័ត្ន នាយកប្រតិបត្តិ និងជាស្ថាបនិករបស់អង្គការបង្រៀនដើម្បីកម្ពុជា បានថ្លែងអំណរគុណចំពោះមូលនិធិរក្សាកុមារ និងលោកស្រី ជា សិរី ដែលបានគិតគូរ ដល់សិស្សានុសិស្សកម្ពុជា និងអង្គការរបស់លោក ដែលកំពុងជួបប្រទះការលំបាកដោយសារជំងឺកូវីដ១៩។

លោក មុនីរ័ត្ន បានបន្ថែមទៀតថា ទឹកប្រាក់ឧបត្ថម្ភពីមូលនិធិរក្សាកុមារនាថ្ងៃនេះ ពិតជាមានតម្លៃ និងសារសំខាន់ ជាទីបំផុតសម្រាប់អង្គការ បង្រៀនដើម្បីកម្ពុជា។ នៅក្នុង ឆ្នាំ២០២០ អង្គការជួបប្រទះឧបសគ្គច្រើន ទាំងបញ្ហាបិទសាលាដោយសារកូវីដ និងបញ្ហាថវិកាដែលរាំងស្ងួត។ ទោះជាយ៉ាងនេះក្តីក្រុមគ្រូហ្វេឡូនៅតែបន្តជំនះគ្រប់ឧបសគ្គ និងរិះរកដំណោះស្រាយផ្សេងៗ ដើម្បីជួយសិស្សានុសិស្សឱ្យបន្តការសិក្សាបានជាប់លាប់ដោយខ្លួនឯង និងតាមរយៈឧបករណ៍អប់រំពីចម្ងាយផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិរក្សាកុមារ ជាមូលនិធិក្នុងស្រុកផ្តួចផ្តើមឡើងដោយស្ថាបនិកខ្មែរ និងដឹកនាំដោយលោកស្រី ជា សិរី។ មូលនិធិរក្សាកុមារមានបេសកកម្ម លើកកម្ពស់សុខភាព សុខមាលភាព និងផលប្រយោជន៍កុមារកម្ពុជាពីគ្រប់ស្រទាប់ វណ្ណៈ។ ជារៀងរាល់ឆ្នាំតាមរយៈថវិការបស់លោកស្រី ជា សិរី ផ្ទាល់ ក៏ដូចជាថវិកា ដែលរៃអង្គាសបានពីសប្បុរសជននានា មូលនិធិរក្សាកុមារបានចូលរួមឧបត្ថម្ភក្នុងគម្រោង និងសកម្មភាពរបស់អង្គការដៃគូជាច្រើន ដើម្បីជួយផ្លាស់ប្តូរជីវិតរបស់ប្រជាជន កម្ពុជាឱ្យកាន់តែប្រសើរឡើង៕