(ត្បូងឃ្មុំ)៖ សាលាឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញលិខិតបំភ្លឺចំពោះការចោទប្រកាន់របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ហើយអះអាងថា សកម្មភាពរបស់គណបក្សនេះ មិនត្រឹមត្រូវឡើយ។

ការចេញលិខិតបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពី LDP បានចោទប្រកាន់ទាំងបំភ្លៃមហាជនថា អាជ្ញាធរឃុំត្រពាំងផ្លុង បានគប់គិតគ្នាគំរាមកំហែងតំណាងគណបក្សរបស់ខ្លួន ក្នុងកិច្ចប្រជុំសម្រេច បណ្តឹងទាស់ លេខ០១៣ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ប្តឹងដោយលោក គង់ មុនី សុំប្តឹងឲ្យលុបឈ្មោះ ប្រជាពលរដ្ឋចំនួន ២នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។

យោងតាមលិខិតបំភ្លឺរបស់សាលាឃុំត្រពាំងផ្លុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺសាលាឃុំបំភ្លឺ ៣ចំណុចរួមមាន៖

១៖ នៅក្នុងកិច្ចប្រជុំសម្រេចរបស់ក្រុមប្រឹក្សាឃុំត្រពាំងផ្លុង ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ បានអានបទបញ្ជាផ្ទៃក្នុងអង្គប្រជុំសម្រេច ដូចជា ហាមបង្កភាពអនាធិបតេយ្យ, ហាមថតរូប និងអាត់សំឡេង, ហាមប្រើប្រាស់ទូរស័ព្ទដៃ វិទ្យុទាក់ទងផ្សេងៗ។

២៖ នៅក្នុងកិច្ចប្រជុំសម្រេចនេះ តំណាងគណបក្ស LDP មិនបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងនៃអង្គប្រជុំទេ ដូចជាការហាមថត ឬអាត់សំឡេង ការប្រើប្រាស់ទូរស័ព្ទដៃជាដើម។

៣៖ នៅក្នុងកិច្ចប្រជុំសម្រេច ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ បានហាមគណបក្ស LDP កុំឲ្យប្រើប្រាស់ទូរស័ព្ទម្តងជាពីរដង ប៉ុន្តែតំណាងគណបក្សនេះ មិនព្រមស្តាប់តាមការណែនាំ ទើបធ្វើឲ្យមានរញ៉េរញ៉ៃ។

«ដូចនេះសាលាឃុំត្រពាំងផ្លុងយល់ឃើញថា ការចោទប្រកាន់របស់តំណាងគណបក្ស LDP គឺពុំត្រឹមត្រូវទេ ព្រោះថាក្រុមប្រឹក្សាឃុំសង្កាត់ បានអនុវត្តតាមគោលការណ៍ បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ ការថតបង្ហោះលើបណ្តាញសង្គម របស់តំណាងគណបក្សនេះ គឺធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដល់ស្ថាប័នមានសមត្ថកិច្ច»។ នេះបើតាមលិខិតបំភ្លឺរបស់សាលាឃុំត្រពាំងផ្លុង៕