(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន

អ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តដឹកអ្នកដំណើរទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំ និងវិធានការការពារការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការទប់ស្កាត់ ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

តាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះវិហារ បានធ្វើការណែនាំដូចខាងក្រោម៖

*ទី១៖ បើកបង្អួចរថយន្តឲ្យខ្យល់ចេញចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
*ទី២៖ អ្នកដំណើរ និងអ្នកបើកបរទាំងអស់ត្រូវពាក់ម៉ាស់ ដើម្បីចៀសវាងការចម្លងជាយថាហេតុនៃជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩
*ទី៣៖ ត្រូវសម្លាតរថយន្តជាប្រចាំដោយប្រើទឹកសាប៊ូ និងជួតអាល់កុលតាមថ្នាក់កៅអី
*ទី៤៖ ម្ចាស់រថយន្តត្រូវវាស់កម្ដៅ ត្រូវមានទឹកអាល់កុល ឬដែលអាល់កុលឲ្យអ្នកដំណើរលាងដៃពេលឡើងលើរថយន្ត
*ទី៥៖ ចំពោះអ្នកបើកបររថយន្តទាំងអស់ បើមានរោគសញ្ញាផ្តាសាយដូចជា ក្តៅខ្លួន ឈឺបំពង់ក ហៀរសំបោរ ឬពិបាកដកដង្ហើម ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈដើម្បីត្រួតពិនិត្យសុខភាព។

រដ្ឋបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ហើយរដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកធ្វើដំណើរទាំងអស់សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកកាត់ផ្ដាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងទៅសហគមន៍របស់យើង៕