(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងផែនការងារគ្រប់គ្រងធនធានមនុស្ស រៀបចំគ្រឿងឧបភោគបរិភោគ និងសម្ភារបង្ការឆ្លងជំងឺកូវីដ-១៩ យកទៅឧបត្ថម្ភដល់កម្លាំងនគរបាលទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា បានបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ រួមមាន អង្ករ១៧២បាវ, ១៥៦កេសតូច, ភេសជ្ជ៦៦០កេស, ត្រីខ៨កេសធំ, សាប៊ូដុំ ១,១៣០ដុំតូច, ម៉ាស់៨២ប្រអប់ និងអាល់កុលសម្លាប់មេរោគមួយចំនួន។ ក្នុងនោះអធិការដ្ឋានក្រុងស្រុកទាំងអស់ ក៏បានទទួលកុំព្យូទ័រ និងម៉ាស៉ីនព្រីន ក្នុងមួយអធិការដ្ឋានមួយឈុតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា បានបន្ថែមទៀតថា ការបន្តបែងចែកស្បៀង និងសម្ភារបង្ការមេរោគនេះ គឺក្នុងទិសដៅបន្តជួយដល់ការងារ កិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្តិភាពទូទាំងខេត្ត ជាពិសេសការចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩នេះតែម្តង៕