(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីការលើកពេលសវនាការសំណុំរឿង ដែលមានជនជាប់ឃុំ គ្រោងធ្វើនៅចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅពេលក្រោយវិញ លើកលែងតែសំណុំរឿង ជាករណីចាំបាច់មួយចំនួន ដែលចៅក្រម ត្រូវពិនិត្យមើលជាក់ស្តែងទៅតាមច្បាប់ជាធរមាន។

ការលើកពេលសវនាការនេះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ អះអាងថា ដើម្បីការពារកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍បន្ថែមទៀត ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ហើយម្យ៉ាងទៀតដោយសារមន្ត្រីមួយចំនួន នៃសាលាដំបូង និងអយ្យការអមសាលាខេត្តព្រះសីហនុ មានការប៉ះពាល់ដោយផ្ទាល់ ឬប្រយោល និងត្រូវធ្វើចត្តាឡីស័កផងដែរ។

សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ចំពោះការបំពេញកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែត្រូវអនុវត្តន៍វិធានសុវត្ថិភាព តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ពិសេសត្រូវគោរពឲ្យបានត្រឹមត្រូវបំផុត នូវវិធានការអនាម័យដូចជា៖ ពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល រក្សាគម្លាត និងចៀសវាងការប្រមូលផ្តុំដែលមានគ្នាច្រើន៕