(ភ្នំពេញ)៖ លោកស្រី ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានណែនាំពីឱកាសវិនិយោគលើវិស័យជាច្រើននៅប្រទេសកម្ពុជាដល់ក្រុមហ៊ុនឥណ្ឌា និងលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌាឱ្យមកវិនិយោគបង្កើតអង្គភាពផលិតកម្មនៅកម្ពុជា។

ការណែនាំនេះត្រូវបានធ្វើឡើងកិច្ចប្រជុំដាច់ដោយឡែករវាងប្រទេសកម្ពុជា និងឥណ្ឌា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ក្រោមការសម្របសម្រួលដោយឯកអគ្គរដ្ឋទូត Anil Wadhwa អតីតលេខា នៃក្រសួងការបរទេសឥណ្ឌាទទួលបន្ទុកតំបន់អាស៊ាន ដោយការចូលរួមពីលោកស្រី ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា លោក អ៉ឹង ស៊ាន ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា និងលោក ម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោក សួន សុផល នាយកទំនាក់ទំនងសាធារណៈ និងតំណាងក្រុមហ៊ុនធីវីអេស និង PWC។

គួរជម្រាបថា នាថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាលឥណ្ឌា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានសហការជាមួយក្រុមប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាងន់ម៉ា និងវៀតណាម) ក៏បានរៀបចំសន្និសីទពាណិជ្ជកម្មលើកទី៦ ក្រោមប្រធានបទ៖ ការកសាងស្ពានជាមួយក្រុមប្រទេស CLMV សម្រាប់ការទំនាក់ទំនង និងការអភិវឌ្ឍ តាមរយៈប្រព័ន្ធអនឡាញ។

ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយបណ្តាប្រទេស CLMV ដោយផ្តោតការយកចិត្តទុកដាក់របស់ប្រទេសសមាជិក និងមានការចូលរួមពីរដ្ឋាភិបាលឥណ្ឌា និងក្រុមប្រទេស CLMV ក្នុងនោះក៏មានការតាំងពិព័រណ៍តាមរយៈអនឡាញក៏បានរៀបចំក្នុងរយៈពេល ១៥ ថ្ងៃផងដែរ ជាមួយសហគ្រាសមកពីប្រទេសឥណ្ឌា និងក្រុមប្រទេស CLMV ដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅលើវិស័យជាច្រើន ដូចជាការកែច្នៃផលិតផលកសិកម្ម សេវាកម្មផ្សេងៗទាក់ទងផ្នែកកសិកម្ម ផលិតកម្ម និងឧស្សាហកម្មធុនស្រាល (រថយន្ត វាយនភណ្ឌ និងម៉ាស៊ីន) ថាមពល និងថាមពលធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឱសថ ជំនាញ IT និងវិស័យអប់។

នាឱកាសសន្និសីទពាណិជ្ជកម្មខាងលើ លោក V. Muraleedharan រដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការការបរទេស បានលើកឡើងថា ក្នុងរយៈកាលកូវីដ១៩ ដូចជាការផ្តល់ថ្នាំនិងវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលបុគ្គលិកពេទ្យតាមរយៈកម្មវិធី ITEC។ លោកបានបន្ថែមថា ប្រទេសឥណ្ឌាព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេស CLMV ជាមួយនឹងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយនឹងមានឆន្ទៈក្នុងការចែករំលែកវ៉ាក់សាំងនៅពេលធ្វើបានជោគជ័យ។

លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះសមាហរណកម្មអាស៊ាន និងកម្មវិធីតភ្ជាប់អាស៊ាន និងបានលើកទឹកចិត្តប្រទេសអាស៊ាន ជាពិសេសប្រទេស CLMV សម្រាប់ការប្រើប្រាស់ឥណទាន ១,០០០ លានដុល្លារ សម្រាប់ពង្រឹងការតភ្ជាប់តាមបែបឌីជីថល និងតាមបែបផ្សេងៗ។

នៅក្នុងសុន្ទរកថា លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានពន្យល់អំពីវិធានការប្រកបដោយប្រសិទ្ធភាព ដែលបានអនុវត្តដោយប្រទេសកម្ពុជា ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងបានយន្តការសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា កែលម្អភស្តុភារ និងការប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយសម្រាប់ការបង្កើតអាជីវកម្មថ្មី ការតភ្ជាប់ក្នុងតំបន់ ធ្វើឱ្យប្រទេសកម្ពុជាមានភាពល្អប្រសើរក្នុងចំណោមបណ្តាប្រទេសអាស៊ាន ក៏ដូចជាបង្ហាញពីគុណសម្បត្តិនៃការវិនិយោគនៅកម្ពុជា ដោយសារគម្រោងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងនីតិវិធីគយមានភាពសាមញ្ញ។

ក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងប្រទេសកម្ពុជា និងឥណ្ឌាខាងលើ លោកស្រីឯអគ្គរដ្ឋទូត ទេវ្យានី ខូប្រាហ្គាដេ បានស្នើសុំឱ្យកម្ពុជាពិនិត្យការប្រើប្រាស់ LoC ចំនួន ១,០០០ លានដុល្លារ ដែលផ្តល់ដោយឥណ្ឌាដល់បណ្តាប្រទេសអាស៊ានសម្រាប់ការតភ្ជាប់ និងគម្រោងផ្សេងៗ៕