(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានណែនាំដល់អាជ្ញាធរ ក្នុងខេត្តគ្រប់លំដាប់ថ្នាក់ ចុះពិនិត្យមើល និងបិទទីតាំង អាជីវកម្មទាំងឡាយណា ដែលបំពានវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីណែនាំ ស្តីពីវិធានការបង្ការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ នៅសហគមន៍ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការណែនាំនេះ បានធ្វើឡើងដោយយោងតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបញ្ជាឲ្យក្រសួង និងអាជ្ញាធរដែនដី តាមដានឲ្យបានម៉ឺងម៉ាត់ ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា»។

អភិបាលខេត្តក្រចេះ ក៏បានរំលឹក និងណែនាំដល់អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តនេះ អំពីវិធានការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយណែនាំឲ្យអភិបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ត្រូវចាត់តាំងដឹកនាំ កិច្ចការងារនេះ ដោយផ្ទាល់ក្នុងការចុះតាមដាន ត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា មន្ទីរសម្រាកព្យាលបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តនូវវិធានការ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកបន្តថា អភិបាលក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត, រដ្ឋបាលឃុំ-សង្កាត់ ក៏ត្រូវចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋ អំពីវិធានការអនាម័យ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាព តាមវិធានរបស់ក្រសួងសុខាភិបាល នៅតាមមន្ទីរ-អង្គភាព គ្រឹះស្ថានសាធារណៈ និងឯកជន ទីកន្លែងសាសនានានា កន្លែងផ្តល់សេវាគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ទីផ្សារ និងកន្លែងលក់ដូរគ្រប់ប្រភេទ។

លោកបន្ថែមថា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រួមនឹងដោយតម្រូវឲ្យពាក់ម៉ាស បាញ់អាល់កុល និងប្រើដែលឬសាប៊ូលាងដៃ ឲ្យបានញឹកញាប់។

«ក្នុងករណីរកឃើញម្ចាស់ទីតាំង មិនបានបំពេញកាតព្វកិច្ចក្នុងការអនុវត្ត ឬបំពានលើវិធានការវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការរក្សាគម្លាតបុគ្គល គម្លាតសង្គម ការពាក់ម៉ាស ទាំងអ្នកលក់ និងអ្នកទិញ និងមិនបានចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រួមនឹងវិធានការចាំបាច់នានា ក្នុងការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តក្រចេះ នឹងផ្អាកអាជីវកម្មនោះជាបណ្តោះអាសន្ន»។ នេះបើតាមសេចក្តីណែនាំរបស់ អភិបាលខេត្តក្រចេះ។

លោកអភិបាលខេត្ត ថែមទាំងអំពាវនាវ ដល់បុគ្គលទាំងអស់ដែលដឹងខ្លួនថា ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវទៅធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាមដើម្បីតាមដាន ក៏ដូចជាធ្វើចត្តាឡីស័កផងដែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចទម្លាក់ថវិកាជាង ១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់ សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ។

សម្តេច ក៏បានចេញសារណែនាំជាពិសេសថ្មីមួយ ដោយបានផ្តល់សិទ្ធិដល់រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានសិទ្ធិបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង ក៏ដូចជាបិទសាលារៀន បិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាផងដែរ៕