(ខេត្តប៉ៃលិន)៖ មន្ត្រីអនុរក្សពន្ធនាគារ ខេត្តប៉ៃលិន នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដល់ជនជាប់ឃុំ នៅក្នុងពន្ធនាគារ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សកម្មភាពចុះអប់រំ និងផ្សព្វផ្សាយនេះ បានធ្វើឡើងក្រោយផ្ទុះព្រឹត្តការណ៍កូវីដ-១៩ «សហគមន៍ ២៨ ខែវិច្ឆិកា» ព្រមទាំងការអនុវត្តអនុសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗ របស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជំងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មីនេះ។

ឧត្តមអគ្គានុរក្ស២ លឹម វាសនា ប្រធានពន្ធធនាគាខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថា ការធ្វើសកម្មភាពជាបន្ទាន់ ការផ្សព្វផ្សាយករណីផ្ទុះជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យ និងអ្នកជាប់ឃុំក្នុងពន្ធនាគារ នាពេលនេះ ដើម្បីឱ្យពួកគាត់បានយល់ដឹង រួមគ្នាថែរក្សាអនាម័យឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសារអំពាវនាវរបស់សម្តេចតេជោ ដើម្បីបង្ការកុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍របស់យើង។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកសួរសុខទុក្ខសាច់ញាតិចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ ព្រោះជំងឺនេះវាអាចឆ្លងតាមគ្រប់រូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះមានការតម្រូវឱ្យបាញ់កំដៅក្នុងខ្លួនលាងសម្អាតដៃនឹងទឹក ទឹកសាប៊ូ និងទឹកលាងដៃជាដើម ហើយជួបគ្នាត្រូវលើកដៃសំពះគ្នា ឬលើកដៃជាសញ្ញា ជៀសវាងចាប់ដៃ ព្រោះបារម្ភចម្លងមេរោគនេះ ជាដើម។

ឧត្តមអគ្គានុរក្ស២ លឹម វាសនា បានបន្តទៀតថា នៅក្នុងពន្ធនាគាខេត្តប៉ៃលិន បានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលចំពោះបងប្អូនដែលសួរសុខទុកអ្នកជាប់ឃុំ ត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ១៥.ម៉ែត្រ លាងដៃ និងសាប៊ូ ជែល ពាក់ម៉ាសឱ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀត។ ព្រោះមេរោគដ៏កាចសាហាវនៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោក ធ្វើឱ្យមនុស្សជាតិ កើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះ បាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យបានគ្រប់គ្នា៕