(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសគាំទ្រចំពោះផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ពីក្រៅប្រទេស ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ។

លោក កឹម សុខា បានប្រកាសនៅលើ Facebook របស់លោក យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនៅពេលថ្មីៗនេះ ខ្ញុំសូមគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាន់ពេលវេលា ក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ»។

ជាមួយនឹងការប្រកាសគាំទ្រ លោក កឹម សុខា ក៏បានសម្តែងការអបអរសាទរ និងកោតសរសើរក្រៃលែង ចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាដោយទឹកចិត្តជ្រះថ្លា ជូនទៅរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋខ្មែរ និងសូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមជាថវិកា សម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ-១៩នេះ។

លោកបញ្ជាក់ទៀតថា «ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ប្រទេសអភិវឌ្ឍន៍មានធនធានមានមធ្យោបាយ សូមជួយផ្ដល់នូវ វ៉ាក់សាំងការពារនឹងកូវីដ-១៩នេះ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរតាមលទ្ធភាពប្រកបដោយមនុស្សធម៌»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ ទិញវ៉ាក់សាំងបន្ថែមទៀតនោះ សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូបឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។

ប្រទេសកម្ពុជាបានចាប់ផ្តើមឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ លើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ លើភរិយារបស់ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយករណីនេះ បានរីករាលដាលបន្តរហូតដល់មានអ្នកឆ្លងចេញ ពីសហគមន៍ចំនួន៣៤នាក់ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ៕