(កំពង់ស្ពឺ)៖ ក្មេងប្រុសម្នាក់ដែលមានជីវភាពខ្វះខាត ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យកាត់ជើងមួយកំណាត់លើជង្គុង គ្មានលទ្ធភាពក្នុងទិញជើងសិប្បនិមិត្មនោះ ត្រូវបានផ្តល់អំណោយជូនពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងលោកស្រី សេង ណាណា (Seng Nana) ប្រធានក្រុមហ៊ុនឌីមកុំព្យួរទ័រ។

ការផ្តល់ថវិកា និងអំណោយទាំងនេះ បានកើតមានឡើងក្រោយមានគេចែកចាយ និងបង្ហោះតាមសង្គម Facebook ដើម្បីស្វែងរកសប្បុរសជនជួយឧបត្ថម្ភ ជាពិសេសក្មេងប្រុសម្នាក់នេះ និងក្រុមគ្រួសារគ្មានលទ្ធភាពទិញជើងសិប្បនិមិត្ម។

ក្មេងពិការជើងម្នាក់នេះបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលកន្លងទៅ។ យុវជនវ័យជំទង់មានឈ្មោះ ងន តៃអាន អាយុ១៥ឆ្នាំ រស់នៅភូមិអូរខ្លី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយឃើញព័ត៌មាននេះ លោកស្រី សេង ណាណា (Seng Nana) ដែលជាប្រធានក្រុមហ៊ុនឌីមកុំព្យួរទ័រ ដែលក្រុមហ៊ុនមួយនេះមានបុគ្គលិកម្នាក់ឆ្លងកូវីដ១៩នោះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្តល់ថវិកាចំនួន៥០០ដុល្លារ តាមរយៈអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់លទ្ធផលជូនគាត់ និងក្រុមគ្រួសារ យកទៅទិញជើងសិប្បនិមិត្ម។

ក្រោយទទួលបានថវិកានេះ លោក ម៉ុន សំអាត ហៅ ម៉ៅ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ក៏បានទាក់ទង និងផ្តល់ព័ត៌មានបន្ថែមដល់លោក វ៉ី សំណាង អភិបាលខេត្ត ហើយលោកអភិបាលខេត្ត ក៏មានចិត្តអាណិតអាសូរ ដោយបានឲ្យក្រុមគ្រូពេទ្យកាត់ជើងសិប្បនិមិត្មជូនគាត់ដោយឥតគិតថ្លៃ ព្រមទាំងបានឲ្យសម្រាកព្យាបាលរហូតអាចដើរបានស្ទាត់ និងការហូបចុកដោយមិនគិតប្រាក់ទៀតផង។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១លានរៀលផងដែរ ព្រមទាំងអង្ករ២បេ និងគ្រឿងបរិភោគបន្ថែមទៀត។

សម្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភអង្ករចំនួន២បេផងដែរ ហើយបានជូនដល់មន្ទីរពេទ្យ ដើម្បីប្រាប់ក្រុមគ្រូពេទ្យជួយមើលថែ និងព្យាបាលបន្ថែម រហូតបានជា និងអាចដើរស្ទាត់ជំនាញជាមួយជើងសិប្បនិមិត្ម។

ក្រុមគ្រួសារ និងក្មេងប្រុសពិការជើង ពិតជាអរគុណខ្លាំងណាស់ដល់អភិបាលខេត្តកំពង់ស្ពឺ និងលោកស្រីប្រធានក្រុមហ៊ុនឌីមកុំព្យួទ័រ ចំពោះការចូលរួមឧបត្ថម្ភយ៉ាងច្រើនបែបនេះ និងបានជូនពរឲ្យលោក លោកស្រី ព្រមទាំងសប្បុរសជនជួបតែសេចក្តីសុខ និងជោគជ័យជារៀងរហូត៕

លោកស្រី សេង ណាណា (Seng Nana) ប្រធានក្រុមហ៊ុនឌីមកុំព្យួរទ័រ