(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តយុទ្ធនាការផ្សព្វផ្សាយ និងអប់រំណែនាំពីវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយការចាក់ផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលនៅតាមផ្សារ អាហារដ្ឋាន កន្លែងលក់ដូរ និងមូលដ្ឋានភូមិ-ឃុំជាច្រើន។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា ក្នុងយុទ្ធនារការនេះ ក្រុមមន្ត្រីនៃរដ្ឋបាលស្រុក អាជ្ញាធរឃុំ-ភូមិ កងកម្លាំងសមត្ថកិច្ច និងក្រុមយុវជនជាច្រើននាក់បានដើរផ្សព្វផ្សាយនៅតាមមូលដ្ឋានភូមិ-ឃុំនានា តាមរយៈការចុះដោយផ្ទាល់ផង និងតាមរយៈការចាក់មេក្រូចល័តចំនួន ៩ គ្រឿង ម៉ូតូចំនួន ១០ គ្រឿង និងរ៉ឺម៉ក ២ គ្រឿងផងដែរ។

លោកអភិបាលស្រុកតាំងគោកបានរាយការណ៍លម្អិតមកថា ក្រុមយុទ្ធនាការខាងលើបានចុះផ្សព្វផ្សាយ និងអប់រំណែនាំពីវិធានការការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះជាច្រើន ដូចជានៅឃុំច្រនាង ឃុំជ្រលង ឃុំអណ្ដូងពោធិ៍ ឃុំពង្រ ឃុំសូយោង ឃុំស្រឡៅ ឃុំស្វាយភ្លើង និងឃុំទ្រៀល។ ក្រៅពីនេះ ក្រុមការងារក៏បានចុះផ្សព្វផ្សាយនៅតាមផ្សារ អាហារដ្ឋាន កន្លែងលក់ដូរជាដើមផងដែរ៕