(ភ្នំពេញ)៖ លោក ចេង វណ្ណា ម្ចាស់ភោជនីយដ្ឋាន «វីហ្វ្រេន» ទាំងបួនសាខា បានបរិច្ចាគថវិកា ផ្ទាល់ខ្លួនចំនួន ៤ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ការប្រកាសជួយឧបត្ថម្ភរបស់លោក ចេង វណ្ណា ត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីយកមកចាក់ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕