(ត្បូងឃ្មុំ)៖ លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាសចំនួន២០,០០០ ម៉ាស សាប៉ូចំនួន៤៣២ដុំ អាល់កុលចំនួន ២១០លីត្រ និងផ្ទាំងបដារអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន៨០ផ្ទាំង ជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅផ្តល់ជូនដល់គណៈកម្មាធិការ ស.ស.យ.ក.ក្រុង-ស្រុកទាំង៧ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត នៅស្នាក់ការ ស.ស.យ.ក ខេត្ត ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ក្នុងឱកាសនោះលោក ម៉ៅ ឌុង ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហ៊ុន ម៉ានី ដែលបានផ្តល់នូវសម្ភារទាំងនេះសម្រាប់ខេត្តត្បូងឃ្មុំ បន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង០៧ក្រុងស្រុក ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងសាយភាយបន្តរីករាលដាលក្នុងសហគមន៍ ពិសេសក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

លោក ម៉ៅ ឌុង ក៏បានណែនាំឱ្យគណៈកម្មាធិការ ស.ស.យ.ក ក្រុង/ស្រុកទាំង០៧ បន្ទាប់ពីទទួលសម្ភារអស់ទាំងនេះហើយ ត្រូវបន្តចុះមូលដ្ឋានតាមគោលដៅឱ្យបានលឿន និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងអនាម័យ ការរក្សាគម្លាត និងវិធីសាស្ត្រនានា ដើម្បីការពារពីជំងឺកូវីដ១៩ ទៅតាមវិធានដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសុខភាពអាយុជីវិតខ្លួន គ្រួសារ អ្នកដ៍ទៃ និងប្រទេសកម្ពុជាទាំងមូល ដោយផ្តើមចេញពីការគោរព និងអនុវត្ត៍ពីយើងម្នាក់ៗ៕