(កណ្ដាល)៖ ក្នុងលិខិតមួយរបស់រដ្ឋបាលស្រុកកោះធំចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានជូនដំណឹងមកដល់ម្ចាស់ផ្សារដើមអំពិលជាលើកទី២ ស្ថិតនៅភូមិអន្លង់សាន្ត ឃុំព្រែកស្ដី ស្រុកកោះធំ ដើម្បីទុកឱកាសឱ្យម្ចាស់ផ្សារ ត្រូវរៀបចំរុះរើសម្ភារទាំងឡាយណាដែលរំលោភមកលើចំណីផ្លូវលេខ២១ ដោយរុះរើដោយខ្លួនឯង បើមិនដូច្នោះទេ រដ្ឋបាលស្រុកនឹងធ្វើការរុះរើដោយគ្មានសំណងអ្វីឡើយបើសិនមានការខូចខាតលើសម្ភារណានោះ។ ប៉ុន្តែម្ចាស់ផ្សារដើមអំពិលលោកស្រី សៅ ស៊្រូ ស្នើរឲ្យអនុវត្តន៍ដោយស្មើរភាព ពោលគឺត្រូវរៀបចំសងខាងផ្លូវលេខ២១ទាំងអស់គ្នា។

ឆ្លើយតបនឹងលិខិតរបស់រដ្ឋបាលស្រុកកោះធំ ជុំវិញវិធានការរុះរើនេះ ម្ចាស់ផ្សារដើមអំពិលលោកស្រី សៅ ស៊្រូ បានប្រាប់ Fresh News នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដោយស្នើសុំអាជ្ញាធរខេត្តកណ្ដាល មេត្តារៀបចំសណ្ដាប់ធ្នាប់ សាធារណៈដោយស្មើរភាព ខណៈដែលការរៀបចំនេះ ត្រូវបានកំណត់តែទៅលើគ្រួសាររបស់គាត់តែមួយខ្នងផ្ទះ ក្នុងន័យជាគម្រូ ដែលជាហេតុធ្វើឲ្យពួកគាត់មានការមិនសប្បាយចិត្ត ព្រមទាំងស្នើដល់អាជ្ញាធរខេត្ត មេត្តារៀបចំដោយស្មើភាពគ្នាទាំងអស់ដើម្បីយុត្តិធម៌ ខណៈដែលការបង្គាប់ឱ្យមានការរុះរើនេះ គឺផ្ដើមចេញពីវិវាទហិង្សាមួយកើតឡើងរវាងផ្ទះពលរដ្ឋក្បែរខាង ដែលជាមន្ត្រីសាលាខេត្តកណ្ដាល ដែលបានកើតឡើងកាលពីជាង ៣ឆ្នាំមុន។

លោកស្រីបន្តថា ពួកគាត់មានការឯកភាពហើយ និងយល់ស្របតាម ប៉ុន្តែគ្រាន់តែស្នើឲ្យមានការរៀបចំសណ្ដាប់ធ្នាប់រុះរើដោយស្មើភាព ព្រោះនៅម្ដុំនោះគឺមានការរំលោភយកដីចំណីផ្លូវរបស់រដ្ឋស្ទើរតែទាំងអស់គ្នា។

លោកស្រីបន្តទៀតថា បន្ទាប់ពីមានវិវាទកើតឡើងរហូតដល់ឈានដល់អំពើហិង្សានេះ លោកស្រីបានដាក់ពាក្យបណ្ដឹងប្ដឹងចូលទៅសាលាដំបូងខេត្តកណ្ដាលកាលពីជាង ៣ឆ្នាំមុន ក៏ប៉ុន្តែគិតមកដល់ថ្ងៃនេះ តុលាការពុំទាន់ធ្វើការដោះស្រាយនៅឡើយទេ។

រីឯលោក អាយ ជីងប៉ាវ ជាមន្ត្រីសាលាខេត្តកណ្ដាល ដែលរងការចោទប្រកាន់ថា បានប្រើអំពើហិង្សានេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ករណីវិវាទនេះគឺកើតឡើងសងខាងដោយភាគីខាងលោកស្រី សៅ ស៊្រូ នេះ បានជេរប្រមាថមកចំពោះគ្រួសាររបស់លោក និងបានធ្វើការបិទផ្លូវមិនឲ្យគេចេញចូលផ្ទះនោះទេ។ លោកបានបដិសេធថា ពុំបានប្រើអំពើហិង្សាទៅខាងភាគីខាងនោះទេ ព្រោះលោកមានគីឡូតែ៤៥ តើមានសមត្ថភាពឯណាទៅប្រើអំពើហិង្សាទៅលើអ្នកដទៃដែលមានគីឡូធ្ងន់ជាងខ្លួន។

លោក អាយ ជីងប៉ាវ ក៏បានជំរុញឲ្យទៅសួរខាងអាជ្ញាធរស្រុកកោះធំ ជុំវិញបញ្ហានេះព្រោះលោកថាអាជ្ញាធរស្រុកកោះធំគឺដឹងរឿងនេះច្បាស់។ ជុំវិញបញ្ហា នៃការរៀបចំសណ្ដាប់ធ្នាប់ និងអំពើហិង្សានេះ លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានប្រាប់ថា លោកពុំបានដឹងរឿងនេះនោះទេ៕