(បន្ទាយមានជ័យ)៖ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមាជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារឆ្លើយតបបន្ទាន់ RRT នៃមន្ទីរសុខាភិបាលខេត្ត បានបន្តយកចំណាកអ្នកជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ជាច្រើនរយនាក់ ដើម្បីធ្វើតេស្តលើកទី០៣ ស្វែងរកជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមការងារឆ្លើយតបបន្ទាន់ RRT នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានយកសំណាកយកទៅធ្វើតេស្តអ្នកប៉ះពាល់ មានដូចជាលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកស្នងការស្នងការរង លោកប្រធាន អនុប្រធានពន្ធនាគារ ពន្ធនាគារនុរក្ស ក្នុងនោះមានប្រធានមន្ទីរ មន្ត្រីរដ្ឋបាលខេត្តអ្នកពាក់ព័ន្ធរាប់រយនាក់ យកទៅធ្វើតេស្តជាលើកទី៣ បន្ទាប់ពីមន្ត្រី ប្រធានមន្ទីរ និងអ្នកជាប់ពាក់ព័ន្ធទាំងអស់នេះដែលធ្លាប់ប៉ះពាល់ផ្ទាល់នឹងលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០ កន្លងមកនៅក្នុងពន្ធនាដ្ឋានពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជូនទៅមន្ទីរ ពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ រកមេរោគនៃជម្ងឺកូវីដ-១៩ បន្ត»

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបន្តថា សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំសម្របសម្រួល ពីលោក អ៊ុ រាត្រី អភិបាលខេត្ត នៅសាលប្រជុំសាលាបាលខេត្តបន្ទាយមានជ័យ គ្រូពេទ្យ និងមន្ត្រីជំនាញក្រុម RRT នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សុំធ្វើតែអ្នកទាំងឡាយណាដែលបានប៉ះពាល់ផ្ទាល់តែប៉ុណ្ណោះ។ ក្នុងនោះអ្នកពាក់ព័ន្ធដែលប៉ះផ្ទាល់ និងប្រយោលក៏មកសុំធ្វើសំណាកវិភាគជាមួយក្រុមការងារ RRT ដែរ។

បើតាមការអះអាងរបស់លោក អ៊ុ រាត្រី បានឱ្យដឹងថា ការយកសំណាកមន្ត្រី ប្រធានមន្ទីរ និងពាក់ព័ន្ធសង្ស័យបានប៉ះពាល់ និងប្រយោលជាមួយលោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០ កន្លងមក នៅក្នុងពន្ធនាដ្ឋានពន្ធនាគារខេត្តបន្ទាយមានជ័យ ២៨ វិច្ឆិកា ចំនួន២៩៣នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នេះ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ជាលើកទី១ និងលើកទី២ ជាលទ្ធផលឃើញថាអវិជ្ជមានទាំងអស់។

លោកអភិបាលខេត្តក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានម៉តចត់តាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុង ការថែរក្សាអនាម័យលាងសំអាតដៃឱ្យបានស្អាតជាប្រចាំដោយសាប៊ូ ឬអាល់កុល ពាក់ម៉ាសឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា នៅពេលធ្វើដំណើរចេញទៅក្រៅផ្ទះទីសាធារណៈត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម៕