(ភ្នំពេញ)៖ អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២នេះ បានទទួល១លានហត្ថលេខា របស់ប្រជាជននៅទូទាំងពិភពលោក និង ២០ម៉ឺននាក់របស់ប្រជាជន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខាលើញត្តិ អំពាវនាវសុំឱ្យបញ្ឈប់ជំនួញសាច់ឆ្កែ និងឆ្មានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សត្វឆ្កែនិងសត្វឆ្មា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពាក់ព័ន្ធនឹងការជួញដូរនេះ ច្រើនជាសត្វចិញ្ចឹមដែលត្រូវបានគេលួច ឬសត្វអនាថាតាមផ្លូវដែលត្រូវបានគេចាប់ដាក់ក្នុង ទ្រុងតូចៗ ហើយត្រូវបានសម្លាប់នៅតាមភោជនីយដ្ឋាន ផ្សារ និងកន្លែងសម្លាប់សត្វ។ លក្ខខណ្ឌមិនមានអនាម័យនៅក្នុងទីសត្តឃាត និងតាមទីផ្សារសត្វរស់ អាចបង្ករឱ្យ មានការឆ្លងជំងឺពីសត្វមកមនុស្ស និងជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗ ដែលមានលទ្ធផលក្នុងការបង្កើតភាពមហន្តរាយយ៉ាងខ្លាំង សម្រាប់សុខភាពសាធារណៈ និងពិភពលោកទាំងមូល។

លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា លោកស្រីមានមោទនភាព ដែលបានឈានដល់ដំណាក់កាលសំខាន់ដំបូងនៃការគាំទ្រជាសាធារណៈពីប្រជាជននៅទូទាំងពិភពលោក ដែលបដិសេធចំពោះការជួញដូរសាច់ឆ្កែ និងឆ្មានេះ។ ខេត្ដសៀមរាប បានធ្វើជាគំរូមួយនៅពេលដែលបានហាមឃាត់ការជួញដូរសាច់ឆ្កែ ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែមានការងារជាច្រើនដែលខេត្តមួយនេះត្រូវធ្វើបន្ថែមទៀត។ រួមជាមួយនិងអ្នកគាំទ្រមួយលាននាក់ អង្គការ FOUR PAWS សូមស្នើឱ្យរដ្ឋាភិបាលហាមឃាត់ការជួញដូរសាច់ឆ្កែនិងឆ្មា ដើម្បីការពារមនុស្សនិងសត្វ ។

លោកស្រីវេជ្ជបណ្ឌិត បន្តថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់សត្វឆ្កែ និងសាច់ឆ្មា របស់អង្គការ FOUR PAWS គឺដើម្បីបញ្ចប់ដោយនិរន្តរភាពលើការជួញដូរសាច់ឆ្កែ និងឆ្មា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអង្គការ FOUR PAWS បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាកអន្តរជាតិ និងថ្នាក់ជាតិ និងបានធ្វើការស៊ើបអង្កេត ការស្រាវជ្រាវ និងការស្ទង់មតិ ក៏ដូចជាការបិទទីសត្តឃាត និងជួយសង្គ្រោះសត្វពីជោគវាសនាដ៏ឃោរឃៅនេះផងដែរ។

លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោង នៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វឆ្កែនិងឆ្មា បានឱ្យដឹងដែរថា តាមរយៈការងារនិងកិច្ច សហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និងភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ FOUR PAWS គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ពង្រឹងនិងអនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសំលាប់ និងបរិភោគសាច់ឆ្កែនិងឆ្មា ដែលនេះមិនត្រឹមតែអាចការពារសត្វប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារ មនុស្សពីហានិភ័យសុខភាពសាធារណៈ៕