(កំពង់ឆ្នាំង)៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរស្រុកកំពង់លែង បានចុះធ្វើយុទ្ធនាការបង្ការចម្លងមេរោគកូវី-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចែកម៉ាសដល់ប្រជាពលរដ្ឋនៅស្រុកកំពង់លែង បានជាច្រើននាក់ផងដែរ។

សកម្មភាពខាងលើនេះ ធ្វើឡើងក្រោយផ្ទុះព្រឹត្តការណ៍កូវីដ១៩ ក្នុងសហគមន៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ជាពិសេសជាការអនុវត្តតាមអនុសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗរបស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជម្ងឺឆ្លងកូវីដ-១៩។

នាឱកាសនោះលោកអភិបាលរងខេត្ត បានណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នវំពោះកូវីដ-១៩ និងរួមគ្នាថែរក្សាអនាម័យឲ្យបានត្រឹមត្រូវតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសារអំពាវនាវរបស់សម្តេចតេជោដើម្បីបង្ការកុំឲ្យជំងឺកូវីត-១៩ ឆ្លងចូលសហគមន៍របស់យើង។

លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាអនាម័យ និងរក្សាគម្លាតសុវត្ថិភាពឲ្យបានចន្លោះ ពី១ ម៉ែត្រកន្លះ ទៅ២ម៉ែត ត្រូវលាងដៃនិងសាប៊ូរ ឬជែល និងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀត ព្រោះមេរោគដ៍កាចសាហាវនេះ នៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោក ពិសេសនៅក្នុងប្រទេសយើង បច្ចុប្បន្នក៏កំពុងតែរីករាលដាលនៅក្នុងសហគមន៍ផងដែរ។

ក្នុងនោះលោកអភិបាល ក៏បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ពិសេសនៅតាមសាលាឃុំនីមួយៗត្រូវរៀបចំឲ្យមានអាកុលឬជែល សម្រាប់លាងដៃជាប្រចាំ គឺសម្រាប់ប្រជាពលរដ្ធ្វមកធ្វើឯកសារផ្សេងៗ និងសម្រាប់ក្រុមការងារក្នុងសាលា ឃុំដែលត្រូវលាងដៃសម្អាតជាប្រចាំ។ ក្នុងយុទ្ធនាការខាងលើនេះដែរ ផ្ដោតសំខាន់គឺទៅលើទីប្រជុំជនផ្សារនិងពលរដ្ឋចំណាកស្រុក និងក៏មានការចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមសាឡាង និងអាជីវករលក់ដូរ ក្នុងផ្សារនិងបានចុះពន្យល់ណែនាំដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋគ្រប់ឃុំទូទាំងស្រុកកំពង់លែងផងដែរ៕