(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន៥០គីឡូក្រាម។

ប្រតិបត្ដិការ ចុះបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង០២៖៤០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

ការចុះបង្ក្រាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ដុស សុវឌ្ឍនៈ នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្ដិការខាងលើ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជនសង្ស័យឈ្មោះ សុរៈឆៃ ខាំកែវ (SURACHAI KHAMKAEW) ហៅនឹង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣២។

ក្នុងនោះដកហូតបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE ទម្ងន់ប្រមាណ៥០គីឡូក្រាម និង៨០.២៤ក្រាម និងរថយន្តធុន LEXUS៤៧០ ពណ៌ទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕